(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវរឿងរ៉ាវដ៏ឈឺចាប់របស់កម្ពុជា កាលពីអតីតកាលដែលនាំឲ្យបាត់បង់ដីធ្លី ប្រទេសចុះខ្សោយ ធ្លាក់ក្នុងភ្លើងសង្គ្រាម រហូតឈានដល់ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ គឺដោយសារតែការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដោយគូសបញ្ជាក់ថា កម្ពុជាមិនអាចកែប្រែប្រវត្តិសាស្ដ្របានឡើយ ប៉ុន្ដែអ្វីដែលអាចធ្វើបាននៅពេលនេះ និងទៅអនាគត គឺមិនត្រូវឲ្យមានការបែកបាក់ជាតិទៀតនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មូលហេតុដែលនាំឲ្យយើងបាត់បង់ដីធ្លី គន្លឹះធំដោយសារការបែកបាក់ផ្ទៃក្នុងជាតិ យករូបភាព និងយកគំនិតនៃការខ្លាចខាងក្រៅ តែមកបែកផ្ទៃក្នុង អស្ថេរភាពផ្ទៃក្នុង [...] ឥលូវយើងមិនអាចអង្គុយយំអ្វីដែលកើតមានហើយ មានតែធ្វើមិចកុំឲ្យកង់ប្រវត្តិសាស្ដ្រត្រឡប់មកវិញ គឺការបែកបាក់ផ្ទៃក្នុងរបស់យើង»។
បើតាមប្រសាសន៍របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ប្រសិនបើខ្មែរមិនបែកបាក់ជាតិ មិនកើតរដ្ឋប្រហារនៅឆ្នាំ១៩៧០ ហើយអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ទេនោះ ម្ល៉េះនៅពេលនេះ នឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងនេះ ហើយក៏នឹងមានប្រជាពលរដ្ឋច្រើនជាង១៧លាននាក់ដូចនៅពេលបច្ចុប្បន្ននេះដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីផែនការនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ ដែលមិនត្រូវឲ្យកើតមានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ពោលត្រូវតែទប់ស្កាត់ ត្រូវបង្ក្រាប។ សម្ដេចបន្ដថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋដែលត្រូវការស្ថេរភាពសង្គម ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដែរថា ពលរដ្ឋខ្មែរភាគច្រើនបានកង្វល់ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ ប៉ុន្តែមិនចង់ឲ្យមានការបែកបាក់ជាតិនោះឡើយ។ ផ្ទុយទៅវិញមនុស្សមួយក្តាប់តូចបានយកព្រឹត្តិការណ៍នេះ ទៅបម្រើបំណងផ្តួលរលំរាជរដ្ឋាភិបាល។ សម្ដេចបានបង្ហាញការហួសចិត្តចំពោះយុវជនក្រុមប្រឆាំងរស់នៅជប៉ុន លោក ហៃ វណ្ណា ដែលបានប្រកាសជំរុញឲ្យពលរដ្ឋបង្កការចលាចលក្នុងស្រុក ធ្វើឲ្យសេដ្ឋកិច្ចខ្មែរដួលរលំ៕