(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរព្រះគុណ ដល់ព្រះមហាក្សត្រ ហ្លួងយាយ ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន ដ៏ច្រើនលើសលុប។

ការថ្លែងអំណរព្រះគុណ និងអរគុណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ,.ទូលបង្គុំ ខ្ញុំព្រះករុណាខ្ញុំសូមអរព្រះគុណ និងអរគុណចំពោះ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រត្រី ឥសរ្សជន ថ្នាក់ដឹកនាំ ព្រះសង្ឃ, មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រចូលរួមមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែនដ៏ច្រើនផុសផុល»

សម្ដេចធិបតីបានថ្លែងបន្ដថា ការចូលរួមមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនកំណត់លើថវិកាជាធំនោះទេ បងប្អូនចូលរួមដោយទឹកស្ម័គ្រចិត្ត ដោយទឹកចិត្ត ក្នុងនោះកម្មករ អ្នករត់កង់បី អាចចូលរួមជាថវិកា១០០រៀល ដើម្បីភ្ជាប់និស្ស័យ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែននេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ផ្លូវក្រវាត់ព្រំដែនដែលយើងត្រូវធ្វើមានជាង ២៦៦០គីឡូម៉ែត្រ ឥឡូវនេះធ្វើបាន១៣០០គីឡូម៉ែត្រ ដូច្នេះយើងបានធ្វើសម្រេចប្រមាណ៥០ភាគរយហើយ ដូច្នេះនៅសល់១៣០០គីឡូម៉ែត្រទៀត ចំពោះការនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត ខ្ញុំបានសម្រេចចុះហត្ថលេខានៅចុងខែកក្កដា នូវផែនការបញ្ចប់ជូន ទៅលើផែនការរបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ឯកឧត្តម ក្វាន់ សៀន ធ្វើក្នុងរយៈពេល១០ឆ្នាំ ដើម្បីបញ្ចប់ក្រោមថវិកាប្រមាណ២០០លានដុល្លារ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប៉ុន្ដែបើសួរត្រឡប់មកវិញថា ប្រសិនបើមានថវិកាហើយ ម្ដេចត្រូវឲ្យប្រជាជនចូលរួមថវិកាធ្វើអ្វី? គឺដើម្បីឲ្យប្រជាពលរដ្ឋអាចភ្ជាប់និស្ស័យចូលរួមមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន [....] គិតរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់បានចូលរួមមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន៕