(ភ្នំពេញ)៖ ទារិកាកំសត់អាយុ៨ខែ កើតមកមិនមានរន្ធគូថ (Recto-vestibulaire) រស់ក្នុងគ្រួសារទីទ័លក្រ ក្នុងភូមិអូរក្រៀង ឃុំអូរក្រៀង ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ មានសមាជិកចំនួន៦នាក់ ឪពុកឈ្មោះ អូន ប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នកនេសាទត្រីតាមបឹង និងម្តាយឈ្មោះ រាជ ចាន់នី អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ (ស្លាប់មួយចំហៀងខ្លួន បន្ទាប់ពីសំរាលកូនរួចបាន២សប្តាហ៍) ត្រូវបានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី សម្របសម្រួលផ្តល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ។
ការវះកាត់នេះ ធ្វើឡើងតាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងដោយមានការយកចិត្តទុកដាក់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក, លោកប្រធានមន្ទីរពេទ្យកុមារជាតិ, លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតលោក ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការវះកាត់ជូនដោយផ្ទាល់ និងទទួលបានលទ្ធផលជោគជ័យ គួរជាទីគាប់ចិត្ត។
ម្តាយ ឪពុក ទារិកាកំសត់ សូមលើកម្រាមដៃដប់ថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ក៏ដូចជាលោកស្រី ព្រមទាំងក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ ព្យាបាល និងវះកាត់ដល់កូនស្រីគាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង៕