(កំពង់ធំ)៖ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌដល់មន្ត្រី កងកម្លាំស្រុកសន្ទុក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក រស់ សារាំ បានលើកឡើងអំពីគោលបំណងសំខាន់ៗ ចំនួន៤៖

*ទី១៖ ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា
*ទី២៖ ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ
*ទី៣៖ ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់សំខាន់ៗ រួមមាន៖ បទល្មើសគ្រឿងញៀន, ល្បែងស៊ីសង, ក្មេងទំនើង, ចរាចរណ៍, ហិង្សា, លួចឆក់ប្លន់, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ជលផល និងនេសាទខុសច្បាប់, ព្រៃឈើ និងធនធានធម្មជាតិ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។
*ទី៤៖ ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាល ភូមិ ឃុំ ស្រុក។

លោកស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកសន្ទុក កងកម្លាំងទាំង៣ មេឃុំ មេភូមិ មន្រ្តីជំនាញរដ្ឋបាលជលផល មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីជំនាញភូមិបាល និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានារបស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួត ក្នុងការធានា រក្សាគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកសន្ទុកនៃខេត្តកំពង់ធំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក ឡង គីស៊ឹង បានថ្លែងអំណរគុណព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយពីច្បាប់ព្រហ្មទណ្ឌ ផ្ដល់មន្រ្តីស្រុកសន្ទុកដើម្បីឲ្យមន្ត្រីបានយល់កាន់តែច្បាស់អំពីច្បាប់នេះ និងសូមឲ្យព្រះរាជអាជ្ញាបន្តផ្សព្វផ្សាយបន្ថែមទៀត៕