(សៀមរាប​)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ទស្សនវិស័យ និងគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា តាមរយៈការកាត់បន្ថយការស្លាប់ របួស និងការរំដោះផ្ទៃដី គឺជាកាតព្វកិច្ចចម្បង និងការទទួលខុសត្រូវរបស់អាជ្ញាធរមីន។

នេះជាការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បង ការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា» ក្រោមការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីន មនុស្សធម៌ (GICHD) ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីស្ថាប័នអាជ្ញាធរមីន តំណាងរដ្ឋបាលទាំង២៥រាជធានីខេត្ត អង្គភាពម៉ាពូ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងតំណាង GICHD។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា សហគមន៍សកម្មភាពមីននៅកម្ពុជា ដែលដឹកនាំ និងសម្របសម្រួលដោយអាជ្ញាធរមីន ប្តេជ្ញាបន្តរក្សាទំនួលខុសត្រូវ និងបន្តដំណើរឆ្ពោះទៅមុខ ក្នុងការអនុវត្តនូវចក្ខុវិស័យ និងគោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីសម្រេចបានកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីននេះ កម្ពុជាកំពុងស្វែងយល់អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ ក្រោយបញ្ចប់ការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការឈានទៅរកការដោះស្រាយបញ្ហានៅសេសសល់ ត្រូវការគិតគូរឱ្យបានច្បាស់លាស់ ស្វែងរកការប្រឹក្សាពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានវិធីសាស្រ្ត ឧបករណ៍វាយតម្លៃត្រឹមត្រូវ និងត្រូវរៀបចំផែនការ ឱ្យបានគ្រប់ជ្រុងជ្រោយ មុនកំណត់កម្រិតនៃការគំរាមកំហែង។

ជាមួយគ្នានោះ តាងនាមសហគមន៍សកម្មភាពមីននៅកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ មជ្ឈមណ្ឌល GICHD ដែលបានគាំទ្រនូវដំណើការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់នៅកម្ពុជា។

លោក លី ធុជ បានបន្ថែមទៀតថា ការគាំទ្រគម្រោងសាកល្បងរបស់ GICHD តាមរយៈអាជ្ញាធរមីន បានធ្វើឡើងស្របនឹងពេលដែល អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីបន្តដោះស្រាយផលប៉ះពាល់អវិជ្ជមានបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕