(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅភូមិភាគឦសាន ជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាស ចំនួន ៥០០កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច។
ពិធីប្រគល់ទទួលនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច និងដោយមានការចូលរួមពីអ្នកឱកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនភេសជ្ជៈបាកាស។
នេះជាការចូលរួមរបស់ក្រុមហ៊ុនភេសជ្ជៈបាកាសក្នុងការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនិងថ្ងៃបន្តបន្ទាប់ទៀត។
អ្នកឧកញ៉ា សុខ សំណាង បានបញ្ជាក់ថា ជាជំហានដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនភេសជ្ជៈចំនួន ៥០០កេស ហើយនឹងបន្តគាំទ្រផ្តល់ជូនបន្ថែមទៀតរហូតដល់បញ្ចប់កម្មវិធីដំណើរទស្សនកិច្ចនៅចុងឆ្នាំ២០២៤ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនបាកាសដែលបានចូលរួមគាំទ្រជាភេសជ្ជៈដល់អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ចមួយដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជនបានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទិសឦសាន នេះនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង ឃើញច្បាស់បន្ថែមទៀតអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើនៅកិច្ចការពារក្រវាត់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែនជាមួយបណ្តាប្រទេសជិតខាង រួមទាំងការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាបូរណភាពទឹកដីបានគង់វង្ស ដោយមិនឱ្យបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា៕