(ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេស ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងទៅនេះ។
ក្រោយពីប្រកាសផ្លូវការភ្លាមមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋ បាននាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp យ៉ាងច្រើនរហូតរាប់សែននាក់ ដើម្បីជាលើកទឹកចិត្តស្នាដៃរបស់ខ្មែរ ព្រោះមោទនភាពរបស់ជាតិខ្មែរយើង។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ និងប្រើប្រាស់ប្រព័ន្ធក្នុងស្រុក Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។
CoolApp ប្រើប្រាស់ប្រព័ន្ធ Encryption សុវត្ថិភាពទាំងអស់ គ្មានជនណាម្នាក់អាចមើលសាររបស់យើងបានឡើយ សូម្បីក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ !
CoolApp ក៏ត្រូវបានបណ្ដាញសារព័ត៌មាន និងគេហទំព័រនៅជុំវិញពិភពលោក ជាង២០ស្ថាប័ន យកទៅចុះផ្សាយ។ ក្នុងនោះរួមមាន ទូរទស្សន៍ដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក និងលំដាប់ពិភពលោកគឺទូរទស្សន៍ CNN បានចេញផ្សាយអំពីដំណឹងដ៏ល្អរបស់កម្ពុជានោះគឺថា «ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គមឆាតផ្ទាល់ខ្លួនហើយគឺ CoolApp»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «វាជាកម្មវិធីដំបូងគេមិនធ្លាប់មានរបស់កម្ពុជា និងដែលត្រូវបានដាក់ឱ្យប្រើក្នុង ដែនសន្តិសុខជាតិរបស់កម្ពុជា។ ប្រទេសដទៃទៀតមាន មធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ប្រទេសចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៊ី ... ដូច្នេះនៅកម្ពុជា! យើងក៏មានផលិតផលផ្ទាល់ខ្លួនរបស់យើងផងដែរគឺ CoolApp»។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានថ្លែងប្រាប់ឲ្យដឹងថា «CoolApp ប្រើប្រាស់មុខងារ end-to-end encryption ធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃណាអាចអាន ឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ»។
CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ប្រជាជនខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ៕