(ក្រចេះ)៖ ការនេសាទដោយប្រើឧបករណ៍នេសាទល្មើសជាបច្ច័យដ៏អាក្រក់សម្រាប់ធនធាន​មច្ឆ​ជាតិ​នៅ​ក្នុងរដូវបិទនេសាទ ដែលជារដូវមច្ឆជាតិកកើតកូន។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអំពាវនាវ និងដាក់ចុះវិធានការដល់មន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធនៅ​ទូទាំងប្រទេស ត្រូវរួមគ្នាទប់ស្កាត់ឱ្យបានខ្ពស់សម្រាប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់។

អនុលោមតាមការណែនាំខាងលើនេះ មន្ត្រីជលផល និងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តក្រចេះ បាន​ធ្វើ​សកម្មភាពជាប់ប្រចាំដូចភ្លៀងរលឹម ដើម្បីបោសសំអាតការនេសាទល្មើសច្បាប់រួមចំណែកការពារ​ធនធានជលផល ជាពិសេសបង្កើនផលត្រីក្នុងរដូវបិទនេសាទនេះ។

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បាន​ដឹក​នាំកម្លាំងសេដ្ឋកិច្ចចម្រុះក្នុងខេត្ត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៤ទីតាំងផ្សេងគ្នានៅក្នុងភូមិសាស្ត្រឃុំបុសលាវ ស្រុកចិត្របុរី ខេត្ត ក្រចេះ ដកហូត និងរុះរើបានឧបករណ៍នេសាទជាច្រើនប្រភេទ យកទៅដុតកម្ទេចចោល។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជាលទ្ធផលនៃប្រតិបត្តិការសមត្ថកិច្ចបានរុះរើ ដកហូត និងបំផ្លាញចោលឧករណ៍នេសាទ​ល្មើស​ច្បាប់​រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន ១១ខ្សែ ប្រវែង៥៥០ម៉ែត្រ ក្រឡា​ទំហំ​៣-០៤សង់ទីម៉ែត្រ, លបសាច់កាវ ចំនួន ១៤គ្រឿង ក្រឡាទំហំ០២-០៤សង់ទីម៉ែត្រ,របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន៣២មាត់លូ, របាំងកាត់ទទឹងជិតព្រែកចំនួន០២របាំង និងលបសាច់កាវចំនួន០៦គ្រឿង, បង្គោលចម្រឹង​ប្ញស្សី​ចំនួនប្រមាណ៦០០ដើម។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៣០០​គីឡូ​ក្រាម។ ដោយឡែកឧបករណ៍នេសាទខុសច្បាប់ដែលសមត្ថកិច្ចដក​រហូតបានគឺត្រូវដុតបំផ្លាញ​ចោល​នៅ​ទីតាំងផ្ទាល់តែម្តង។

លោក ម៉ុក ពន្លក បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាការពារធនធានជលផល ដោយបញ្ឈប់ការនេសាទប្រើឧបករណ៍នេសាទល្មើសច្បាប់ដូចជាឧបករណ៍ឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម ដែលជាឧបករណ៍បំផ្លាញធនធានជលផល។ ជាពិសេសឧបករណ៍ស្បៃមុងបំផ្លាញទាំងត្រីតូច និងត្រីធំ។

លោក ម៉ុក ពន្លក បានក្រើនរំលឹកពីវិធានការច្បាប់សម្រាប់ការនេសាទដោយប្រើឧបករណ៍​នេសាទ​ល្មើស​ច្បាប់ផងដែរ។ វិធានការច្បាប់នោះ យោងតាមច្បាប់ស្តីពីជលផល ក្នុងមាត្រា៩៨ បានចែងថា ការប្រើឧបករណ៍ឆក់ត្រី ត្រូវជាប់ពន្ធនាគារ ពី៣ឆ្នាំ ទៅ៥ឆ្នាំ។ រីឯមាត្រា៩៩ បានចែងថា ការប្រើស្បៃមុង ត្រូវជាប់ពន្ធនាគារ ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕