(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយស «សហមេត្រីសម្រាប់​ឧត្តមមន្រ្តីជាន់ខ្ពស់​ការទូត The Officers’ Cross of the Order of Merit of the Republic of Hungry» ផ្តល់ជូនដោយលោកបណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធាននាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី គ្រាដែលលោកបានរួមចំណែកក្នុងការអភិវឌ្ឍចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regecy Phnom Penh នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការប្រគល់ជូនដោយផ្ទាល់ពីលោកបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា (និវេសដ្ឋាននៅទីក្រុងហាណូយ) និងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប។

ថ្លែងក្នុងពិធីអបអរសាទរនេះលោកបណ្ឌិត Tobor BALOGHDI បានលើកឡើងថា គ្រឿងឥស្សរិយយសនេះគឺសម្រាប់ផ្តល់ជូនជនជាតិហុងគ្រី និងជនបរទេស ដែលមានស្នាដៃក្នុងការអភិវឌ្ឍជាតិ និងសកលលោក ជាមួយគ្នានោះលោក សួស យ៉ារ៉ា បានចូលរួមចំណែកនៅក្នុងការពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ល្អររវាងហុងគ្រី និងកម្ពុជា ដែលសក្តិសមនឹងទទួលគ្រឿងឥស្សរិយយសនេះ។

នាឱកាសនោះដែរលោក សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រី ក្នុងការទទួលស្គាល់ស្នាដៃការងារការទូតកន្លងមករបស់លោក និងបានគូសបញ្ជាក់ថា ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺលើសពីកិត្តិយសសម្រាប់លោក ប៉ុន្តែជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏រឹងមាំ ស៊ីជម្រៅនៃប្រទេសទាំងពីរ ដែលបានកសាងឡើងដោយអ្នកដឹកនាំជំនាន់មុន និងបច្ចុប្បន្ន និងឥស្សរជនសំខាន់ៗ។

លោក សួស យ៉ារ៉ា បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការកសាងកិច្ច​សហប្រតិបត្តិការ​ប្រកបដោយផលិតភាព និងភាពជាដៃគូជាមួយប្រទេសហុងគ្រី ក្រោមការដឹកនាំដ៏ពិសេសរបស់នាយករដ្ឋមន្រ្តី Viktor Orban និងក្រុមការងារដែលមានសមត្ថភាពក្នុងរដ្ឋាភិបាល​ក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក សួស យ៉ារ៉ា សង្ឃឹមថា កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងបច្ចេកវិជ្ជានឹងអនុវត្តប្រកបដោយប្រសិទ្ធភាព​តាមរយៈការងារការទូតសភាផងដែរ៕