(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី សាយ សាឃន ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលទទួលមរណៈដោយរោគាពាធ កាលពីវេលាម៉ោង ២៖៥៨នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ចាន់ ទន់វិទ្យា បានថ្លែងនាំនូវការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើជូនក្រុមគ្រួសារសពលោកស្រី សាយ សាឃន ចំពោះការបាត់បង់ម្ដាយ ម្ដាយក្មេក យាយ យាយទួត ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពទាំងអស់ និងការសោកស្ដាយចំពោះលោកស្រី ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសប្រជាពលរដ្ឋក្នុងស្រុកត្បែងមានជ័យ។

នៅក្នុងឱកាសនេះដែរដើម្បីចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា បាននាំថវិកានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចំនួន ៣លានរៀល ប្រគល់ជូនក្រុមគ្រួសារសព ព្រមទាំងបានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពលោកស្រី សាយ សាឃន សូមបានដល់នៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕