(ស្វាយរៀង)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ផងដែរ។
បេសកកម្មនេះមានគោលបំណងពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដើម្បីធានាគុណភា និងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។
យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោងឱ្យដឹងថាចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយរហូតមកទល់ពេលនេះ គម្រោងសាងសង់តាមអនុវត្តតាមផែនការដែលបានគ្រោងទុក។
នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍ មួយចំនួន ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន ជាពិសេសបានចុះពិនិត្យខ្សែផ្លូវត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។
សូមជម្រាបជូនផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕