(ភ្នំពេញ)៖ ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជំងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម» ជូនបុគ្គលិក-មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ និងសង្កាត់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកប ដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងនានា, ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច ក្នុងវិស័យសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដោយផ្តោតជាចម្បងលើ ការថែទាំសុខភាពបឋម»។
លោកបន្តទៀតថា ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនពេញមួយជីវិត ដែលរួមមាន៖ ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង។
លោកបន្តថា ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពបឋម របស់ប្រជាពលរដ្ឋ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស)។
លោក កើត ឆែ បានបន្ថែមទៀតថា អ្នកទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង ៤លាន ៧សែននាក់ (គ្រួសារងាយរងហានិភ័យ, ក្រ.១ ក្រ.២, ក្រុមប្រឹក្សាឃុំសង្កាត់, មេភូមិ, អនុភូមិ ជំនួយការភូមិ, កីឡាករ, បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ -ល-) អ្នកទទួលបានប័ណ្ណ ប.ស.ស ៖ កើនដល់ជាង ២លាន ៤សែននាក់។ តួលេខនេះ នៅមិនទាន់រាប់បញ្ចូលសមាជិកគ្រួសារ ក្នុងបន្ទុករបស់មន្ត្រីរាជការ (សហព័ទ្ធ, កូន) ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យក្លាយជាសមាជិក ប.ស.ស ដោយស្វ័យប្រវត្តិ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាគ្របដណ្តប់សុខាភិបាល។
ជាមួយគ្នានេះ លោក៏បានឲ្យដឹងផងដែរថា វគ្គតម្រង់ទិសនានេះ សិក្ខាកាម នឹងទទួលបាននូវធាតុចូលថ្មីៗ ដើម្បីយកទៅអនុវត្ត ជាពិសេសជំរុញផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅជាប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការងារថែទាំសុខភាពបឋម និងចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង ខឿនសុខុមាលភាព។ ការចែករំលែកចំណេះដឹង ក្នុងការថែទាំសុខភាព ការពារអាយុជីវិតមនុស្ស គឺពិតជាទទួលបានកុសលផលបុណ្យខ្លាំងណាស់៕