(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា គ្រប់សាសនា គឺសុទ្ធតែជាប្រភពនៃគុណតម្លៃ សម្រាប់អប់រំសង្គមមនុស្សឲ្យបានល្អ។
ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ប្រធានមន្ទីរតាមបណ្តាខេត្ត។
លោករដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងរបស់លោក ចាយ បូរិន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ប្រសិទ្ធផល នៃការអនុវត្តគម្រោង ធានាសម្រេចឲ្យបានតាមគោលបំណងខាងលើ ស្របតាមបេសកកម្ម របស់ក្រសួងធម្មការ និងសាសនា និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ ក្រុមបច្ចេកទេសគម្រោងត្រូវក្តាប់ឲ្យជាប់បេសកកម្មរបស់ក្រសួងធម្មការ និងសាសនា ជាពិសេស សុខដុមនីយកម្មសាសនា ដែលជាកត្តាពាក់ព័ន្ធយ៉ាងខ្លាំង ទៅនឹងវត្ថុបំណងរបស់គម្រោង។
២៖ ក្រុមបច្ចេកទេសគម្រោង ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ អំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គោលបំណងជាក់លាក់ នៃគម្រោងដែលកំពុងអនុវត្តនេះ និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ។
៣៖ ក្នុងការអនុវត្តគម្រោង ក្រុមបច្ចេកទេសគម្រោង ត្រូវផ្ដោតជាសំខាន់ លើប្រសិទ្ធភាព និងប្រសិទ្ធផលនៃគម្រោង ដើម្បីធានា សម្រេចបានលទ្ធផល តាមការរំពឹងទុក។
៤៖ សូមស្ថាប័ន និងអ្នកពាក់ព័ន្ធ ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុង សិក្ខាសាលាទាំងអស់ ត្រូវបំពេញតួនាទីឲ្យបានល្អបំផុត ក្នុងដំណើរការអនុវត្តគម្រោង ត្រូវយកអស់បញ្ញាស្មារតី ដើម្បីរួម ចំណែកដល់ភាពជោគជ័យនៃគម្រោង ក៏ដូចជាចូលរួមចំណែក លើកកម្ពស់ សុខដុមនីយកម្មសាសនា និងថែរក្សាសន្តិភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាបប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ទាំងអស់។
នាឱកាសនេះ លោក ឃី រតនៈ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ «លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុនីយកម្មសាសនា» សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤-២០២៨ ផ្អែកលើកផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួងរួមមាន៖
១៖ ការលើកកម្ពស់សាសនារបស់រដ្ឋ
២៖ ការលើកម្ពស់សីលធម៌សង្គម
៣៖ រក្សាសុខដុមនីយកម្មសាសនា
៤៖ ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កំរិត
និង៥៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
លោក ឃី រតនៈ បានជម្រាបជូនអំពីប្រសាសន៍ណែនាំរបស់លោករដ្ឋមន្រ្តី អំពីគម្រោង «កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេ មេគង្គ-ឡានឆាង» គោលបំណងចែករំលែកបទពិសោធន៍ ស្តីពីវប្បធម៌អន្តរជំនឿ និងការគ្រប់គ្រង ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ លើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ ទិវាអន្តរជាតិនៃសប្តាហ៍ សុខដុមរមនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនា អន្តរជាតិនៅប្រទេសទន្លេមេគង្គ-ឡានឆាង និងពង្រឹងភាពសុខដុមរមនាអន្តរជំនឿ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទន្លេមេគង្គ-ឡានឆាង៕