(ភ្នំពេញ)៖ បន្ទាប់ពីពុះពារជម្នះការលំបាកច្រើនរាប់មិនអស់ជាមួយការតាំងចិត្តវិនិយោគដ៏មុះមុតរយៈពេលជាងមួយទសវត្សរ៍ ចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានលូតលាស់យ៉ាងល្អ ហើយបានផ្តល់ទិន្នផលជ័រផងដែរ។ មិនត្រឹមតែក្រុមហ៊ុននោះទេ ដែលកំពុងទទួលបានផ្លែផ្កាពីដំណាំកៅស៊ូនេះ ប្រជាពលរដ្ឋតាមទីជនបទក្នុងខេត្តព្រះវិហារ និងបណ្តាខេត្តនានាសរុបជាង១ពាន់នាក់ ក៏ទទួលបានផ្លែផ្កាពីការវិនិយោគនេះ មានការងារធ្វើ មានប្រាក់ចំណូលទៀងទាត់ និងជួយឱ្យជីវភាពបានល្អប្រសើរ។
ក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អ៉ិចផត បានចាប់ផ្តើមវិនិយោគដាំដំណាំកៅស៊ូក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងឆ្នាំ២០១១ លើផ្ទៃដីជិត៦ពាន់ហិកតា។ ក្នុងនោះផ្ទៃដីជិត៥ពាន់ហិកតា ផ្តល់សិទ្ធិប្រទានវិនិយោគដោយរាជរដ្ឋាភិបាល និងជាង ១ពាន់ហិកតាជាកម្មសិទ្ធឯកជន។
ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានដាំដុះកៅស៊ូលើផ្ទៃដីសរុបចំនួន ៥,៦៧០ហិកតា និងបានបើកមុខចៀរជ័រលើផ្ទៃដី ៣,៩០០ហិកតា ស្មើប្រមាណជា៧០ភាគរយ នៃផ្ទៃដីដាំដុះសរុប ដែលអាចផលិតជ័រក្រែបប្រមាណ ៨,០០០តោនក្នុងមួយឆ្នាំ។
កាលពីចុងខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់នូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។ លោក ស៊ុន ចាន់ថុល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានហៅការវិនិយោគនេះជាការរួមចំណែកដ៏ធំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អ៉ិចផត បានចូលរួមជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក នឹងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មកដល់ពេលនេះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារប្រមាណ ១,២០០នាក់ ដែលក្នុងនោះ ២០ភាគរយ ជាប្រជាពលរដ្ឋមូលដ្ឋាន និង៨០ភាគរយ ជាប្រពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ដូចជា៖ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។
អ្នកស្រី ខាត់ កេន ជាអតីតកម្មការិនី ដែលធ្លាប់បម្រើការងារនៅរោងចក្រក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកអ្នកស្រី រួមជាមួយស្វាមី និងកូនផង បានផ្លាស់មកធ្វើការងារនៅចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព វិញ ព្រោះនៅជិតផ្ទះ ទទួលបានប្រាក់ឈ្នួលល្អ ហើយការចំណាយមិនខ្ពស់។
បច្ចុប្បន្នគ្រួសារអ្នកស្រី ខាត់ កេត កំពុងបម្រើការងារក្នុងចម្ការកៅស៊ូនេះមានចំនួន៣នាក់ រួមមានអ្នកស្រី ខាត់ កេន ស្វាមី និងកូន។ បើតាមអ្នកស្រី ខាត់ កេន បានឱ្យដឹងថា ក្នុងពេលចម្ការកៅស៊ូមិនអាចចៀរជ័រ អ្នកស្រី ស្វាមី និងកូន ទទួលបានប្រាក់ខែគោលសរុបក្នុងមួយខែ៧០០ដុល្លារ។ ប៉ុន្តែនៅពេលកៅស៊ូអាចចៀរជ័រ គឺអ្នកស្រីអាចទទួលបានប្រាក់ឈ្នួលអាស្រ័យលើចំនួនជ័រដែលចៀរបាន ដូច្នេះក្នុងមួយខែគ្រួសារអ្នកស្រីអាចទទួលបានចំណូលប្រមាណ៥លានរៀលក្នុងមួយខែ។
លោក សែន សុង ជាពលរដ្ឋម្នាក់ទៀត ដែលកំពុងទទួលបានឱកាសការងារពីចម្ការកៅស៊ូលោកអ្នកឧកញ៉ា ទ្រី ភាព ផងដែរ។ លោក សែន សុង មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ ពីមុនលោក សែន សុង ជាអ្នកប្រកបរបរធ្វើចម្ការផងដែរ ប៉ុន្តែដោយសារការធ្វើចម្ការមិនសូវទទួលបានផលល្អ លោកក៏បានឈប់ធ្វើចម្ការមកធ្វើការងារជាអ្នកចៀរជ័រនៅចម្ការកៅស៊ូលោកអ្នកឧកញ៉ា ទ្រី ភាព វិញ។
តាមរយៈការងារ និងប្រាក់ឈ្នួលទៀងទាត់នៅចម្ការកៅស៊ូលោកអ្នកឧកញ៉ា ទ្រី ភាព បានធ្វើឱ្យកម្មករដែលភាគច្រើនជាអ្នកជនបទ ហើយមានជីវភាពខ្សត់ខ្សោយនោះ ផ្លាស់មកមានជីវភាពមួយល្អប្រសើរ។
អ្នកស្រី ខាត់ កេន ក៏ដូចជាលោក សែន សុង បានរៀបរាប់ថា កាលពីមុនមានការលំបាកខ្លាំងក្នុងជីវភាព ប៉ុន្តែក្រោយមកធ្វើការងារនៅចម្ការកៅស៊ូលោកអ្នកឧកញ៉ា ទ្រី ភាព ជីវភាពរបស់ពួកគាត់ក៏ល្អប្រសើរ។ អ្នកស្រី ខាត់ កេន ក៏ដូចជាលោក សែន សុង បានសន្សំថវិកាទិញដីធ្វើផ្ទះសម្បែងរស់នៅបានសមរម្យ។
ការវិនិយោគរបស់ក្រុមហ៊ុនទ្រីភាពគ្រុប ក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសង្គមផងដែរ។ តាមរយៈទំនួលខុសត្រូវផ្នែកសង្គមនេះ ក្រុមហ៊ុនបានផ្តល់ជាកន្លែងស្នាក់នៅ ផ្តល់ទឹកភ្លើងសម្រាប់កម្មករប្រើប្រាស់ មានការធានារាប់រងផ្នែកសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម បង្កើតជាសាលារៀនសម្រាប់កូនៗរបស់កម្មករបានសិក្សារៀនសូត្រ ហើយក៏មានសាងសង់ជាមណ្ឌលសុខភាពផងដែរ។ នៅចម្ការកៅស៊ូទ្រីភាព នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានសាងសង់ជាផ្សារសម្រាប់ប្រជាពលរដ្ឋបានលក់ដូរ ដែលជាចំណែកមួយទៀតជួយឱ្យមានសកម្មភាពសេដ្ឋកិច្ចរស់រវើកនៅតំបន់នោះ។
ការវិនិយោគផ្សារភ្ជាប់នឹងការគិតគូរខ្ពស់ចំពោះការរស់នៅរបស់កម្មករពីសំណាក់ក្រុមហ៊ុនទ្រីភាពគ្រុប បានផ្តល់ស្នាមញញឹមដល់កម្មករគ្រប់រូបដែលកំពុងបម្រើការងារនៅចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព៕