(សៀមរាប)៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន អង្គការអន្តរជាតិ និងមន្រ្តីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផលកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកបានជម្រាបជូនប្រតិភូ និងអង្គប្រជុំអំពីបេសកកម្មការងាររបស់អាជ្ញាធរទន្លេសាប ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្នុងការយកចិត្តទុកដាក់លើសារសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះ និងសក្តានុពលក្នុងតំបន់បឹងទន្លេសាប រួមជាមួយការគំរាមកំហែងនាពេលបច្ចុប្បន្នបណ្តាលឱ្យផលស្តុកធនធានជលផលធ្លាក់ចុះ និងផលប៉ះពាល់មកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
ជាមួយនេះដែរ លោកក៏បានលើកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ជាពិសេសការលើកយកនូវអនុសាសន៍ និងសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សានិងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
ការចុះសិក្សាស្វែងយល់នៅតំបន់អភិរក្សជលផលកំពង់ភ្លុកនេះជាបេសកកម្មលើកទី៣ របស់ក្រុមប្រតិភូអន្តរក្រសួង និងអង្គការអន្តរជាតិក្នុងតំបន់បឹងទន្លេសាប ដែលតំបន់អភិរក្សជលផលកំពង់ភ្លុកនេះបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ មានផ្ទៃដី ៦,៤០០ហិកតា និងមានបង្គោលការពារចំនួន២០បង្គោល ហើយជាតំបន់ដ៏មានសារសំខាន់មួយក្នុងចំណោមតំបន់អភិរក្សទាំង៤កន្លែងក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប។ តំបន់អភិរក្សជលផលនេះមានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទ ដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
ការចុះសិក្សាស្វែងយល់នេះដែរ មានមានការអញ្ជើញចូលរួមពីលោក លោកស្រីមកពីតំណាងក្រសួងធនធនទឹក និងឧតុនិយម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, តំណាងស្ថានទូតអូស្រ្តាលី, អង្គការអភិរក្សទឹកអន្តរជាតិ (CI) ធនាគារពិភពលោក, លោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តសៀមរាប កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបាគង ឃុំកំពង់ភ្លុក ខណ្ឌជលផល-ផ្នែកជលផល-សង្កាត់ជលផលកំពង់ភ្លុកសហគមន៍នេសាទ រួមនឹងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប សរុប៧៨នាក់។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់អភិរក្សក្នុងតំបន់ទន្លេសាប កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរទន្លេសាបបានចេញលិខិតជម្រាបជូនទៅគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ក្នុងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីធានាបាននូវភាពសម្បូរនៃធនធានជលផល ជាពិសេសប្រភេទត្រីកម្រ និងជិតផុតពូជអាចមានទីជម្រក និងសម្រេចបាននូវការថែរក្សា និងបង្កើនផលស្តុកសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវប្រភពប្រូតេអ៉ីន និងជីវភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយៗ៕