(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីទាំងអស់ មិនត្រូវមានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ការពារ បទល្មើសធនធានធម្មជាតិ នៅតំបន់វាលលើ (ក្នុងដែនជម្រកសត្វព្រៃ និងព្រៃសហគមន៍) និងតំបន់វាលក្រោម (តំបន់៣) ឲ្យមានប្រសិទ្ធភាព។
ការណែនាំរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកសន្ទុក នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានកោតសរសើរនូវការខិតខំប្រឹងប្រែងចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលកសាងនូវសមិទ្ធផលជាច្រើន ជាពិសេសពាក់ព័ន្ធការចុះបញ្ជីដីធ្លី រវាងដីរដ្ឋ និងដីរាស្ត្រ ស្ទើរតែបញ្ចប់បានមួយរយភាគរយ។
លើសពីនេះទៀត លោកអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលស្រុកសន្ទុក បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ គោរពឋានានុក្រម វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ៕