(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនទីបញ្ជាការស្រាលការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប នៅតំបន់បត់ត្រង់ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល៤ខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទាំងនៅភូមិសាស្ត្រប៉ែកខាងលើខេត្ត និងនៅក្នុងតំបន់ព្រៃលិចទឹក ដែលកងកម្លាំងចម្រុះកំពុងធ្វើសកម្មភាពជាប្រចាំក្នុងពេលកន្លងទៅផងដែរ។
លោកបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងអភិបាលខេត្ត កងកម្លាំងចម្រុះទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិ ពិសេសដាច់ខាតមិនឲ្យមានការកាប់បំផ្លាញដីព្រៃលិចទឹក នៅក្នុងតំបន់៣នេះ ដើម្បីយកដីធ្វើស្រែជាថ្មីទៀតបានឡើយ។
ចំពោះផ្ទៃដី ដែលក្រុមជនល្មើសបានលួចកាប់ទន្ទ្រានកន្លងមក ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
លោកបានប្រគល់ថវិកា ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលប្រចាំការនៅតំបន់បត់ត្រង់ តំបន់ខ្វាក់តូច ខ្វាក់ធំ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ។
ជាមួយគ្នានេះ លោក ថន ពុទ្ធា អភិបាលស្រុកកំពង់ស្វាយ បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អភិបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់ការលំបាកជូនដល់កងកម្លាំង ក្នុងការបំពេញភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយនៅពេលនេះ៕