(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក ឌៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម, លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងចម្រុះទីបញ្ជការស្រាលប្រចាំការអនុវត្តបទ បញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លង សាមពាង កន្លុកបាយក្អែក រាំងឆ័ត្រ និងកោះតាបរ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាបបទល្មើសមួយករណី ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនិងកន្លែង (ក្នុងរដូវបិទនេសាទ), របាំងសាច់អួន ចំនួន២៥របាំង ប្រវែង៧,៥០០ម៉ែត្រ, ឡុកសាច់អួន ចំនួន៧៥គ្រឿង, លប ឬលូសាច់អួន ចំនួន៧៨មាត់, បង្គោល ចំនួន៤,០០០ដើម និងចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៥០០គីឡូក្រាមចូលទន្លេវិញ។

ជាមួយគ្នានេះ លោក អ៊ុង វុទ្ធី បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ ព្រោះនេះជារដូវបិទនេសាទ និងចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បើប្រយោជន៍រួមទាំងអស់គ្នា សម្រាប់ទុកដល់ក្មេងជំនាន់ក្រោយ ហើយក្រុមការងារនឹងបន្តចុះបង្ក្រាបដូចដូចភ្លៀងរលឹម៕