(កែប)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងធ្វើឡើងនៅរាជធានី និងខេត្តចំនួន៤ ក្នុងនោះ ខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលនឹងចាប់ផ្តើមពីថ្ងៃ៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីតាំងឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការរត់ភ្លើងគប់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា។

នេះបើតាមការបញ្ជាក់ពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយប្រតិភូអមដំណើរ និងប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកែប។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ការប្រកួតជាផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ហើយរាជធានីខេត្តនីមួយៗ ក៏ត្រូវទទួលបន្ទុកក្នុងការរៀបចំការរត់ភ្លើងគប់ផងដែរ។

លោករដ្ឋលេខាធិការ បន្តថា សម្រាប់ខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលសម្រេចជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដោយសារខេត្តនេះមានសក្តានុពល និងទីតាំងភូមិសាស្ត្រអំណោយផល សម្រាប់រៀបចំប្រភេទកីឡានេះ។ ចំពោះការរត់ភ្លើងគប់ ខេត្តកែបកំណត់ធ្វើឡើង នៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ ហើយបន្តទៅខេត្តព្រះសីហនុ និងខេត្តបន្តបន្ទាប់ទៀត។ លោកបានបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទ «ព្រឹត្តិការណ៍កីឡាជាតិអបអរសាទរព្រែកជីកហ្វូណនតេជោ»

តាមរយៈព្រឹត្តិការណ៍នេះ នឹងបន្តផ្សព្វផ្សាយ និងបើកយុទ្ធនាការសំខាន់ចំនួន ៥ រួមមាន៖

*ទី១៖ កីឡារស់ក្នុងសន្តិភាព។
*ទី២៖ ពលរដ្ឋម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត។
*ទី៣៖ កីឡាគ្មានគ្រឿងញៀន កីឡាគ្មានផ្សែងបារី។
*ទី៤៖ កីឡាបៃតង កីឡាស្អាតស្អំ។
*ទី៥៖ កីឡាគ្មានសារធាតុដូប៉ា។ 

លោក សោម ពិសិដ្ឋ បានលើកឡើងថា រដ្ឋបាលខេត្តកែប នឹងរៀបចំទាំងការរត់ភ្លើងគប់ និងសហការរៀបចំការប្រកួតឲ្យបានល្អ គគ្រឹកគគ្រេង មានអ្នកចូលរួមអបអរ និងគាំទ្រច្រើនជាងព្រឹត្តិការណ៍ប្រកួតកីឡា នាពេលមុនៗ ពិសេសតាមរយៈការរៀបចំការប្រកួតកីឡាជាតិនេះ ខេត្តក៏ចង់បង្ហាញអំពីការអភិវឌ្ឍរីកចម្រើន និងសក្តានុពលទេសចរណ៍របស់ខ្លួនផងដែរ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការរត់ភ្លើងគប់ រដ្ឋបាលខេត្ត នឹងធ្វើនៅឆ្នេរខ្សាច់ស្រឡាញ់ខេត្តកែប ហើយចំពោះការប្រកួតកីឡាទ្រីយ៉ាងថ្លុង រដ្ឋបាលខេត្ត នឹងរៀបចំធ្វើនៅឆ្នេរអង្កោលម្តងវិញ ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីរបស់ខេត្តកែបនៅទីនោះ។

លោក កែ ប៊ុនខៀង បានកោតសរសើរ និងវាយតម្តៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្តកែប ដែលតែងតែសហការគ្នាបានល្អ ក្នុងការរៀបចំព្រឹត្តការណ៍កីឡាទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ នាពេលកន្លងមក។ លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យបន្តសហការគ្នាកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឲ្យព្រឹត្តិការណ៍កីឡាជាតិ កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប មានភាពល្អ ប្រសើរទាក់ទាញទាំងក្រុមកីឡាករ និងអ្នកចូលរួមទស្សនា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ កីឡាទ្រីយ៉ាត្លុង មានខេត្ត និងអង្គភាពចូលរួមចំនួន៩ កីឡាករសរុប ៧៥នាក់ ស្រី ១៥នាក់, គ្រូបង្វឹក ១៣នាក់ និងប្រតិភូដឹកនាំ១០នាក់ គណៈកម្មការរៀបចំការប្រកួត ចំនួន៣៧នាក់  ស្រី ១០នាក់ សរុប ១៣៥នាក់។ ការប្រកួតលើ៥វិញ្ញាសា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ថៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកែប ក្រោមការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងសាលាខេត្តកែប៕