(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ៣ ដែលជាគ្រួសារទី៤២០។
អំណោយដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជូនគ្រួសារសម្រាលបានកូនភ្លោះ៣នេះ រួមមាន៖ ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
អំណោយប្រកបដោយធម៌សម្បុរសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា យកទៅប្រគល់ជូនដល់គ្រួសារខាងលើនៅគេហឋានក្នុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
កូនភ្លោះបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកដំបូងក្នុងគ្រួសារ មានឪពុកឈ្មោះ ផន សុខា អាយុ ៣៣ឆ្នាំ ម្តាយឈ្មោះ ចាន់ ហេង អាយុ ៣១ឆ្នាំ អ្នកទាំងពីរមានមុខរបរជាបុគ្គលិកអគ្គិសនីកម្ពុជា។ កូនភ្លោះទាំងបីនាក់ (ប្រុសម្នាក់ ស្រី២នាក់) បានសម្រាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោក សេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកនាយករងមានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ពោលរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២០គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ត្រូវជាកូនៗ និងចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
លោក សេង ទៀង ក៏បានណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានដិតដល់ ពោលប្រសិនបើកូនមានអាការៈអ្វីខុសពីប្រក្រតី សូមនាំទៅកាន់មណ្ឌលសុខភាពនៅជិតលំនៅដ្ឋាន ដើម្បីជួយសង្រ្គោះ មិនត្រូវទុកកូនជួបគ្រោះថ្នាក់ដោយប្រការណាមួយ។
ឪពុកម្តាយកូនភ្លោះ៣នាក់នេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងចាត់ទុកប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ។ ជាពិសេសតែងគិតគូរដល់ការលំបាករបស់ពលរដ្ឋសម្រាលបានកូនភ្លោះ៣នាក់ ឬ៤នាក់ ហើយចាត់ឱ្យតំណាងរបស់សម្តេចនាំយកថវិកា និងសម្ភារៈដ៏មានតម្លៃ ចែកជូនផ្ទាល់ដៃដល់គ្រួសារសម្រាលបានកូនភ្លោះ៣នាក់ ឬ៤នាក់ ដើម្បីជួយសម្រាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕