(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព(International Association of Parliamentarians for Peace-IAPP) និង មូលនិធិ Washington Times ដឹកនាំដោយលោកបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិ នៃសមាជិកសភាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូ បានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព(Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ(IPTP)លើកទី១១ ដែលសភាកម្ពុជាធ្វើនឹងជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះវត្តមាន លោកបណ្ឌិត Charles Yang ទំាងអស់ដែលជាសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជនទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។

សម្តេចប្រធានរដ្ខសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់ ។ សន្តិភាពនៅកម្ពុជា បានមកដោយលំបាក ក្រោយពីប្រទេសជាតិបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យសង្គមជាតិបែកបាក់ ខ្ទេចខ្ទីស្ទើរគ្មានសល់ ហើយសម្តេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទសជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ កម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាព ដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា ជាឥស្សរជនបន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព គឺជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។ លោកបណ្ឌិត Charles Yang ក៏ដូចជាគណៈប្រតិភូទាំងអស់ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូបានគូសបញ្ជាក់ថា សន្តិភាពនិងការបង្រួបបង្រួមជាតិ ដែលសម្តេចហ៊ុន សែន បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់និងធ្វើជាគំរូ។ គណៈប្រតិភូបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូថា សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ធម្មនុញ្ញសន្តិភាព (Peace Charter) នឹងត្រូវដាក់បញ្ជូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ IPTP ដើម្បីពិភាក្សានិងអនុម័តផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសតូច ដែលគាំទ្រនូវប្រព័ន្ធពហុភាគីនិយម កម្ពុជា សង្ឃឹមថានឹងអាចរួមចំណែក ក្នុងការតភ្ជាប់វប្បធម៌និងសង្គមធម៌នៃមនុស្សជាតិ តាមរយៈកិច្ចសន្ទនានានាអន្តរពហុភាគី ដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន។

សម្តេចបានអញ្ជើញ សមាជិកគណៈប្រតិភូទំាងអស់ ដែលជាតំណាងប្រជាពលរដ្ឋជុំវិញពិភពលោក ចូលរួមអនុម័តធម្មនុញ្ញសន្តិភាព ដើម្បីក្លាយជាយន្តការសកលមួយបំពេញបន្ថែមឱ្យបេសកកម្មអង្គការសហប្រជាជាតិ និងជាចំណែកមួយនៃការបំពេញក្តីសង្ឃឹមក្នុងការកសាងពិភពលោកសន្តិភាព។

សមាជិកគណៈប្រតិភូទំាងអស់បានសម្តែងក្តីសប្បាយរីករាយនៅក្នុងការទទួលយកការអញ្ជើញរបស់  សម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួម សម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថាការចូលរួមនោះ មិនត្រឹមជាឱកាសដែលគណៈប្រតិភូ អាចចែករំលែកទស្សនៈបទពិសោធន៍ក្នុងការកសាងឯកសារគតិយុត្តិអន្តរជាតិ ស្វែងរកសន្តិភាពជូនប្រជាជនក្នុងសកលលោកប៉ុណ្ណោះទេ ថែមទំាងជាឱកាសបានសិក្សារៀនសូត្រ ពីសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង៕