(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាមុនការឡើងកាន់តំណែតជាប្រធានាធិបតី​របស់ឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានបង្ហាញការ​ប្តេជ្ញាធ្វើឱ្យកាន់តែប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ ជាពិសេសធ្វើឱ្យកាន់តែសកម្មលើសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង​ពីរ ដែលក្នុងនោះរួមមានការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន​ផងដែរ។

លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរ​សម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន​ព្រឹទ្ធសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានថ្លែងអំណរគុណសម្ដេចតេជោ ដែល​បាន​ចាត់ទុករូបលោកជាមិត្តដ៏ល្អ។ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានជម្រាបសម្ដេចតេជោ អំពី​លទ្ធផលល្អប្រសើរនៃជំនួបជាមួយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយលោកក៏បានស្នើគោរពអញ្ជើញសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងពិធីចូលកាន់មុខតំណែងរបស់លោកជាប្រធាប្រធានាធិបតីនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ផងដែរ។

លោកប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី បានកោតសរសើរ និងចាត់ទុកសម្ដេច​តេជោ ជាបុរសរដ្ឋដែលបានដឹកនាំប្រទេសកម្ពុជាយ៉ាងល្អប្រសើរ ជាពិសេសក្នុង​ពេល​ប្រទេសជួបភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍប្រទេសឱ្យមានការ​រីកចម្រើន​ជាបន្ត​បន្ទាប់។

លោកប្រធានាធិបតីជាប់ឆ្នោត ក៏បានរៀនសូត្រច្រើនពីការដឹកនាំរបស់សម្ដេចតេជោ ហើយ​លោកសង្ឃឹមថា ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្ដេចនឹងធ្វើឱ្យកម្ពុជាកាន់តែរីក​ចម្រើន​បន្ថែមទៀត។ លោកបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេលខ្លីរបស់លោក​មកកាន់កម្ពុជានៅពេលនេះ ដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកប្រធានាធិបតីជាប់ឆ្នោត បានបង្ហាញបំណងបន្តកិច្ចសហប្រតិបត្តិការខាង​ផ្នែក​សេដ្ឋកិច្ច និងវិស័យជាច្រើនទៀត រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងចង់ឱ្យ​យុវជន​កម្ពុជាទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

លោកប្រធានាធិបតីជាប់ឆ្នោត ក៏មានបំណងពង្រីកបន្ថែមទៀតវិស័យសេដ្ឋកិច្ច រវាង​ប្រទេសទាំងពីរ និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែល​នឹង​សម្រួលដល់ការផ្លាស់ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។

លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានប្តេជ្ញាថា ពេលក្លាយជាប្រធានាធិបតីនៅពេល​ខាង​មុខ លោកនឹងបន្តចំណងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះឯកឧត្តម ដែលនឹងបន្តដឹកនាំ​ឥណ្ឌូ​នេស៊ី ដែលជាមិត្តរបស់កម្ពុជា។ សម្ដេចតេជោ ចាត់ទុកឥណ្ឌូនេស៊ី ជាមិត្តចាស់ដែល​បាន​ចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរបស់កម្ពុជា ជាពិសេសក្នុងការដើរតួនាទី​សហប្រធានសន្និសីទនៃទីក្រុងប៉ារីស។ ប្រទេសឥណ្ឌូនេស៊ី បានផ្ដល់ជាទីកន្លែងសម្រាប់​កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះមតិយោបល់របស់លោក ប្រា​បូ​វ៉ូ ស៊ូប៊ីយ៉ាន់តូ ក្នុងបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និង​ឥណ្ឌូនេស៊ី នៅក្នុងសហគមន៍អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងក្នុង​វិស័យ​ការ​ពារ​ជាតិ ដែលឥណ្ឌូនេស៊ីបន្តការហ្វឹកហ្វឺនដល់កងកម្លាំងរបស់កម្ពុជា ដើម្បីថែរក្សាសុខសន្តិ​ភាព​របស់ប្រទេស ក៏ដូចជារួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ។

ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា សម្ដេច​តេជោ បានមានប្រសាសន៍ថា គួរបង្កើនថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ សម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី និងក្រុម​ហ៊ុនអាកាសចរណ៍នៅកម្ពុជានឹងពិនិត្យបន្ថែមជើងហោះហើររវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីនាំទេសចរពីប្រទេសឥណ្ឌូនេស៊ី និងទេសចរពីបណ្ដាប្រទេស​ផ្សេងៗផងដែរ​មកកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ឥណ្ឌូនេស៊ី​បង្កើនទំហំពា​ណិជ្ជ​កម្ម​បន្ថែម​ទៀត ជាពិសេសក្នុងវិស័យសន្តិសុខស្បៀងដែលឥណ្ឌូនេស៊ី​ត្រូវការស្បៀងពីកម្ពុជា​ដូច​ជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។ សម្តេចតេជោ បានស្នើប្រធានាធិបតី​ជាប់​ឆ្នោតរបស់ឥណ្ឌូនេស៊ី ពិចារណាជំរុញឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ី មកដាក់ទុន​១០០​ភាគ​រយ ក្នុងការបង្កើតឃ្លាំងប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ ដើម្បី ដឹកជញ្ជូននាំចេញទៅឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។

ទាក់ទងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក ជាប្រធា​នា​ធិបតីនាពេលខាងមុខនោះ សម្តេចតេជោ បានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូន​សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។

សម្តេចតេជោ និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ក៏បានពិភាក្សាគ្នា និងផ្លាស់ប្ដូរយោបល់ ជុំវិញសភាពការណ៍ក្នុងតំបន់ រួមមានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា​ដែល​ទាំងសម្ដេចតេជោ និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ សុទ្ធតែមានទស្សនៈ​ស្របគ្នាក្នុងការធ្វើ​ឱ្យ​តំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាពដែលបម្រើផលប្រយោជន៍ជូនដល់​ប្រជា​ជន​​ទាំងមូល។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានជូនពរលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ទទួល​បានភាព​ជោគ​ជ័យសម្រាប់ភារកិច្ចជាប្រធានាធិបតីដឹកនាំឥណ្ឌូនេស៊ី និងបន្តទំនាក់​ទំនង​​ល្អជាមួយ​កម្ពុជា និងសហការក្នុងការលើកកម្ពស់សហប្រតិបត្តិការសហគមន៍​អាស៊ាន​ឱ្យកាន់​តែរីក​ចម្រើនបន្ថែមទៀត៕