(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យអង្គឌួង Severance និងKT នៃក្ដីសង្ឃឹម។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីស្ដារលទ្ធភាពនៃការស្ដាប់របស់កុមារ ក្រោយការវះកាត់ត្រចៀកសិប្បិនិម្មិត នូវត្រចៀក ច្រមុះ និង បំពង់កមន្ទីរពេទ្យព្រះអង្គឌួង។
ពិធីនេះបានធ្វើឡើងក្រោមអធិតីភាពលោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យ Jae-Yong Choi តំណាងមន្ទីរពេទ្យ Severance ប្រទេសកូរ៉េខាងត្បូង លោកស្រី អូ ធែ សង តំណាងក្រុមហ៊ុន KT ប្រទេសកូរ៉េខាងត្បូង, ថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង និងអាណាព្យាបាលរបស់កុមារៗផងដែរ។
លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្ដីសោមនស្សរីករាយ និងអរគុណចំពោះការបានជួបជុំគ្នានេះ ដើម្បីអបអរសាទរគម្រប់ខួប៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលនេះឡើង ដែលជាព្រឹត្ដិការណ៍ដ៏សំខាន់មួយនៃមន្ទីរពេទ្យព្រះអង្គឌួង។
លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងបន្ដថា «កាលពី៥ឆ្នាំមុន យើងបានចាប់ផ្ដើមកម្មវិធីការវះកាត់កុមារ គ-ថ្លង់ និងការស្ដារនីតិសម្បទា សម្រាប់កុមារ គ-ថ្លង់ បន្ទាប់ពីទទួលបានការវះកាត់រួច ដើម្បីនាំមកនូវក្ដីសង្ឃឹម និងការព្យាបាលដល់កុមារ គ-ថ្លង់ ពីកំណើត។ តាមរយៈការលះបង់របស់បុគ្គលិករបស់យើង ការគំាទ្រឥតងាករេរបស់ឪពុកម្ដាយ និងការសហការដ៏មានតម្លៃជាមួយដៃគូររបស់យើង គឺ KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ យើងបានកម្មវិធីនេះឱ្យក្លាយជាការពិត»។
គិតតាំងពីការចាប់ផ្តើមវះកាត់ត្រចៀកដំបូងនៅខែតុលាឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ វះកាត់ត្រចៀកជូនដល់កុមារគ-ថ្លង់នៅកម្ពុជា បានសរុបចំនួន ៥១នាក់ ត្រូវនឹង ៦៥ត្រចៀក ដែលក្នុងនោះ ការវះកាត់ត្រចៀកទាំងសងខាងមាន ១៤នាក់ ការវះកាត់តែត្រចៀកស្តាំមាន ១៨នាក់ ការវះកាត់តែត្រចៀកខាងឆ្វេងមាន ១៥នាក់ ដែលមានចំនួន ប្រុស ១៧នាក់ និងស្រី ៣០នាក់។
លោកនាយកមន្ទីរពេទ្យបានឱ្យដឹងទៀតថា ការប្រារព្ធគម្រប់ខួប ៥ឆ្នាំនេះ គឺធ្វើឡើងដើម្បីអបអរសាទរជីវិតកុមារយើង ដែលបានយកឈ្នះលើឧបសគ្គ និងមានអនាគតដ៏ភ្លឺស្វាង។ កុមារដែលទទួលបានការវះកាត់ឱ្យស្ដាប់លឺ និងនិយាយបានវិញ ពួកគេនឹងកាន់តែដឹងលឺពីពិភពលោកកាន់តែច្បាស់។
ក្នុងឱកាសនោះដែរ អាណាព្យាបាលរបស់កុមារម្នាក់ ក្នុងចំណោមអាណាព្យាបាលផ្សេងទៀត ដែលបាននាំកូនមកទទួលសេវាវះកាត់គ-ថ្លង់ពីកំណើត លោកស្រី ចាន់ សំណាង អាយុ៣៧ឆ្នាំ រស់នៅខេត្ដសៀមរាប បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា លោកស្រីបានយកកូនប្រុស ឈ្មោះ អាំង ទីឈាន មកទទួលសេវាវះកាត់ត្រចៀក តាំងពីកូនអាយុ ៣ឆ្នាំ នៅមន្ទីរពេទ្យព្រះអង្គឌួង អាលូវគាត់មានអាយុ ៨ឆ្នាំហើយ។ កំលុងកូនរបស់គាត់ស្ដាប់មិនលឺ និយាយមិនចេញនោះទេ តែក្រោយការវះកាត់ដ៏ជោគជ័យ កូនរបស់គាត់អាចស្ដាប់លឺ និងនិយាយបានវិញ។
លោកស្រីបានថ្លែងបន្ដថា «ក្នុងនាមខ្ញុំជាម្ដាយមួយរូប ពិតជាសប្បាយចិត្ដខ្លាំងណាស់ ឃើញកូនអាចស្ដាប់ និងនិយាយបានដូចក្មេងធម្មតា ខណៈដែលចាប់ពីកើតមករហូតដល់អាយុ៣ឆ្នាំ គាត់ពុំអាចស្ដាប់លឺអ្វីទាំងអស់ ខ្ញុំពិតជាព្រួយបារម្ដជាខ្លាំងពីសុខភាព និងសុខទុក្ខគាត់ទៅថ្ងៃអនាគត បើអត់ពីម្ដាយឪពុក តើទៅជាយ៉ាងណា! ប៉ុន្ដែក្រោយទទួលដំណឹងថាមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយប្រទេសកូរ៉េ ធ្វើការវះកាត់គ-ថ្លង់ពីកំណើត ឱ្យស្ដាប់ និងនិយាយបានវិញឡើងវិញ គ្រាន់តែលឺខ្ញុំសប្បាយចិត្ដណាស់ ហើយក៏បាននាំកូនមកជួបគ្រូពេទ្យ និងធ្វើការវះកាត់តែម្ដង ។បច្ចុប្បន្ននេះកូនខ្ញុំ ស្ដាប់ និងនិយាយបានធម្មតា រួមទាំងទៅសាលារៀនបាន ពិសេសរៀនជាប់ចំណាត់ថ្នាក់ល្អទៀត»។
លោកស្រីបានថ្លែងអំណរគុណ និងថ្លែងដឹងគុណយ៉ាងធំធេងចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យព្រះអង្គឌួង និងដៃគូខាងកូរ៉េ ដែលបានជួយឱ្យកូនគាត់ អាចស្ដាប់ និងនិយាយបានដូចក្មេងធម្មតា ដែលគ្មានបញ្ហាដូចកូនរបស់គាត់។ ទន្ទឹមនឹងនោះលោកស្រី សំណាង បានអំពាវនាវដល់អាណាព្យាបាល ដែលមានកូនមានបញ្ហាស្ដាប់មិនលឺ និយាយមិនកើត សូមកុំអស់សង្ឃឹម និងនាំកូនមកមន្ទីរពេទ្យព្រះអង្គឌួងមក ដើម្បីទទួលសេវាវះកាត់ ដែលប្រកបដោយប្រសិទ្ធខ្ពស់ ជោគជ័យ១០០% ដូចជាកូនរបស់គាត់ដូច្នេះដែរ៕