(ភ្នំពេញ)៖ កាលពីថ្ងៃចុងសប្តាហ៍កន្លង​ទៅ​នេះ ក្រុមការងារ Fresh News បានធ្វើដំណើរទៅកាន់តំបន់​ព្រំដែននៃប្រទេស​កម្ពុជា ជាមួយប្រទេសវៀតណាម ក្នុងភូមិសាស្ត្រនៃទឹកដី​ខេត្តត្បូងឃ្មុំ។

ក្រុមការងារបានធ្វើដំណើរលើផ្លូវក្រវាត់ព្រំដែន ដោយចាប់ផ្តើមពី​ច្រក​ម៉ឺន​ជ័យ​​ក្នុង​ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាព្រំប្រទល់ជាមួយស្រុកពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ។ ក្រុមការងារបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីច្រកម៉ឺនជ័យ ត្រង់បង្គោល​ព្រំដែន​​លេខ​១៣១ ហើយបានធ្វើដំណើរឆ្លងកាត់ភូមិឋានសម្តេចពញាចក្រី ហេង សំរិន រហូតទៅ​ដល់​ច្រកព្រំដែនទន្លេចាម ក្នុងភូមិក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូង​ឃ្មុំ ត្រង់​បង្គោល​​​ព្រំដែនលេខ៧៨ នៅតែបន្តិចទៀត ទៅដល់តំបន់ប្រវត្តិ​សាស្ត្រ​យោ​ធា​តេជោកោះ​ថ្ម​អ៉ិច១៦។

ចេញពីច្រកម៉ឺនជ័យទៅ ក្រុមការងារក៏បានឆ្លងកាត់ច្រកត្រពាំងផ្លុង ហើយក៏បានឃើញ​ពីសកម្ម​ភាព​​ចេញចូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លងកាត់ទំនិញរវាងកម្ពុជា និងវៀតណាម ហើយឃើញមានសំណង់ជាច្រើនកំពុងសាងសង់នៅច្រកនោះ។

តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលជាប់ភូមិសាស្ត្រប្រទេស​វៀតណាម ជាមួយ​ខេត្ត​តាយនិញ និងខេត្តប៊ិញភឿកនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានសាងសង់ផ្លូវ​ក្រវាត់​ព្រំដែន​​រួច​រាល់ហើយ គឺអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ នៅតាមព្រំដែន​មិន​​ស្ងប់​ស្ងាត់ទេទាំងខាងកម្ពុជា និងខាងវៀតណាម ដីតំបន់នេះមិនមែនជាដីព្រៃទៀត​ឡើយ សុទ្ធសឹងតែជាដីស្រែ ដីចម្ការ។ ក្នុងរដូវវស្សាបែបនេះផង គឺសម្រស់ឡើងខៀវ​ស្រងាត់​តែម្តង។

តាមបណ្តោយផ្លូវក្រវាត់ព្រំដែននេះ ក្រុមការងារសង្កេតឃើញមានការបែងចែកដីសម្បទាន​សង្គមកិច្ចជូន​អតីតយុទ្ធជន និងបានសាងសង់ផ្ទះជាច្រើនខ្នងសម្រាប់ពួកគាត់រស់នៅផងដែរ។ ជាការ​កត់​សម្គាល់នៅតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូង​ឃ្មុំ​នេះ មានមនុស្ស​រស់​​​នៅច្រើន ជាពិសេសខាងកម្ពុជា គឺរស់នៅមិនឆ្ងាយពីព្រំដែនទេ ហើយមានវត្តអារាម ផ្ទះសម្បែងកៀកៗនឹងព្រំដែនតែម្តង។

តាមតំបន់ព្រំដែននេះ ក្រៅពីធ្វើស្រែចម្ការ មានប្រជាពលរដ្ឋខ្មែរយើង​ចិញ្ចឹមគោក្របី​ច្រើន​ផងដែរ ពេលខ្ញុំធ្វើដំណើរឃើញប្រជាពលរដ្ឋខ្មែរ គាត់ឃ្វាលគោក្របីនៅតាម​ដី​ព្រំដែននោះ​ជាហូរហែមិនស្ងាត់នោះឡើយ។ កន្លែងខ្លះក៏ឃើញពលរដ្ឋខ្មែរទៅរកត្រី និងអង្គុយកម្សាន្តតាមបង្គោលព្រំដែន។ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនេះ សង្កេត​ឃើញ​ថា មានបោះបង្គោលព្រំដែនច្រើនមានទាំងប្រភេទបង្គោលមេ បង្គោលបំពេញ​បន្ថែម និងបង្គោលតម្រុយ។

ពេលបានជិះតាមក្រវាត់ព្រំដែន ឃើញទិដ្ឋភាពស្រុកស្រែ ក៏ជាអារម្មណ៍មួយមានក្តីសុខ និងប្លែក​អារម្មណ៍​មួយ​ផងដែរ។ ទីមួយបានផ្សារភ្ជាប់អារម្មណ៍ជាមួយអនុស្សាវរីយ៍ពេលនៅ​ធ្វើស្រែចម្ការកាល​ពីកុមារភាព មួយវិញទៀត គឺបានមើលឃើញ​ទឹកដីយើងនៅតាម​ព្រំ​ដែន ធ្វើឱ្យយើងជ្រាបកាន់តែច្បាស់ពីសភាពទឹកដីរបស់យើង។ បងប្អូនប្រជាពលរដ្ឋខ្មែរ បើមានពេលគួរតែ​សាកល្ប​ងជិះតាមព្រំដែន ធានាថាបងប្អូននឹងទទួលបានអារម្មណ៍មួយប្លែក៕