(ក្រចេះ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែ។
ការចុះពិនិត្យផ្លូវទាំង២ខ្សែនេះ ធ្វើឡើងនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយខ្សែទី១ មានប្រវែង៦១.២៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ដល់ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង។ ផ្លូវនេះត្រូវបានស្ថានជាពីរប្រភេទ ក្នុងនោះប្រភេទក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង៦០.៦៥៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលប្រវែង០.៥០ម៉ែត្រ ជាប្រភេទថ្មមិច និងប្រវែង៥៧៦ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ជាប្រភេទថ្មមិច។ ផ្លូវនេះបានស្ថាបនារួចរាល់ ១០០% កាលពីខែមិថុនា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំ ដើម្បីបញ្ចប់រយៈពេលធានាសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៥។
ខ្សែទី២ ប្រវែង៣,៨០០ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលថ្មមិចមានប្រវែង០.៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវខ្សែទី១ ត្រង់ចំណុចភូមិដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្ថាបនារួចរាល់ ១០០% កាលពីដើមឆ្នាំ២០១៤។
ការស្ថាបនាផ្លូវទាំងពីរខ្សែនេះគឺជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ។
សូមបញ្ជាក់ថា ផ្លូវទាំងពីរកំណាត់ខាងលើនេះតភ្ជាប់ពីទីរួមស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់រដូវកាលក្នុងការទៅទៅទទួលសេវាសាធារណៈ ទេសចរណ៍ ដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ និងរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ក្នុងឃុំដំរីផុង ដោយលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិតជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។
បន្ទាប់មកលោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ របស់មន្ទីរអភិវឌ្ឍនបទខេត្តរួចមក លោករដ្ឋមន្រ្ដីបានជម្រាបជូនពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ សំដៅកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនេះរាជរដ្ឋាភិបាលក៏បានកំណត់យកវិស័យអាទិភាព៥ គឺមនុស្សផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឈានទៅសម្រេចបាន «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាប្រទេសដែលមានចំណូលខ្ពស់។
ជាមួយនេះ លោករដ្ឋមន្រ្ដីបានលើកឡើងអំពីសមិទ្ធផលដែលសម្រេចបានក្នុងកម្មវិធីអាទិភាពចំនួន៤ រួមមាន៖ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ និងបានធ្វើការផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំបន្តចូលរួមអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសូមឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕