(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជន ជាង១ម៉ឺននាក់ហើយ ទទួលបានការបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ក្រៅពីភ្នាក់ងារសន្ដិសុខឯកជន ក៏មាននគរបាលជាតិជាង២០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៤លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១០,៨៧៤នាក់ (ស្រី២៣៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៥៤នាក់ (ស្រី២៣នាក់)»

បើតាមលោកប្រធាននាយកដ្ឋាន, បើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកបន្ដទៀតថា ភ្នាក់ងារសន្តិសុខឯកជនដែលបានឆ្លងវគ្គបំប៉នជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព៕