(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ និងអគ្គិភ័យចំនួន១៥៩នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបំប៉នជំនាញស្តីពីបច្ចេកទេស សង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីនេះធ្វើឡើងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ពាន់ជាច្រើននាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ថ្ងៃនេះ សិក្ខាកាមចំនួ១៥៩នាក់ បានចូលរួមបណ្ដុះបណ្តាលវគ្គបំប៉ន បច្ចេកទេសជំនាញសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ថ្ងៃ វាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព ឆ្លើយតបចំពោះការសង្គ្រោះដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ពីលោកគ្រូដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំដែលអគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់បញ្ជូនមក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា វគ្គបំប៉នបច្ចេកទេសជំនាញសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ គោលបំណងលើកកម្ពស់ប្រសិទ្ធភាព ការងារដឹកនាំតាមជំនាញ និងដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលចរាចរណ៍ ខេត្តបន្ទាយមានជ័យ ក្នុងការបំពេញតួនាទីសំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ដើម្បីពង្រឹង និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទាំងនេះបញ្ចាក់អំពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនសមត្ថភាព ដល់មន្ត្រីនគរបាល ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុំ រាត្រី បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ និងរបួសបណ្តាលមកពីកក្កាជាច្រើនយ៉ាងគឺ ការបើកប ហួសល្បឿនកំណត់ ធ្វើឱ្យបាត់បង់ម្ចាស់ការនៅពេលដែលមានឧបស័គ្គ ដោយចៃដន បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេលអត់ងងុយដេក ហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញដំណើរអត់ការពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែល មានប្រសិទ្ធភាព បើកជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៌នេះកំពុងក្លាយ ជាបញ្ហដ៏ធំដែលរដ្ឋាភិបាលកំពុងបារម្ភ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានកោតសរសើរមន្ត្រីជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ និងអគ្គិភ័យកន្លងមក អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើបានល្អធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកន្ទាយមានជ័យមានការចុះថយយ៉ាងខ្លាំង។

លោកបានបន្តថា វគ្គបណ្តុះបណ្តាល នេះគឺដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ នៃគោលការណ៍ការសង្គ្រោះឱ្យមានសមត្ថភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មុនពេលគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់មកដល់ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលរងគ្រោះដោយសារគ្រោះថ្នាក់ណាមួយ ជាយថាហេតុឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាបញ្ចេញឱ្យអស់សមត្ថភាព ក្នុងការស្តាប់គ្រូពន្យល់ ងាយយល់ និងឆាប់ទទួលបានចំណេះដឹងក្នុងពេលសិក្សា និងសំណូមពរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង ត្រាប់ស្តាប់ ការពន្យល់ណែនាំ របស់អ្នកសម្របសម្រួល ដើមប្បីទទួលបានចំណេះដឹង ពិតប្រាកដយកទៅបំរើសកម្មភាព សង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសអង្គការស្ថាបនិកនៃក្តីស្រឡាញ់តាមរយៈសកម្មភាព (LOVE IN ACTION) នៅសហរដ្ឋអាមេរិក បានប្រគល់សម្ភារៈសង្គ្រោះបន្ទាន់ឱ្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅសង្គ្រោះឱ្យមិនទាន់ពេលជនរងគ្រោះមានគ្រោះថ្នាក់ចរាចរណ៍នៅពេលខាងមុខ៕