(កំពង់ចាម)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ជាង៤ពាន់នាក់។

ពិធីពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានថ្លែងក្នុងឱកាសនោះថា ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាជាង៣០០នាក់ ដែលជាគ្រូពេទ្យជំនាញតាមបណ្ដារមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោក ហេង សុគង់ បានចុះមកជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំកោះសូទិន ដោយឥតគិតថ្លៃ។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានបញ្ជាក់ថា ដើម្បីជួយសម្រាលទុក្ខលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះសូទិន លោកនឹងខិតខំព្យាយាមធ្វើម៉េចឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឲ្យបានក្នុងមួយឆ្នាំម្ដង។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា វត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ ពីព្រោះថ្នាក់ដឹកនាំ បានមើលឃើញថា បញ្ហានៅចំពោះមុខនេះ គឺជាការលើកកម្ពស់គុណភាពជីវិត គឺការរស់នៅប្រកបដោយសុខដុមនីយកម្ម ពោលគឺ ថ្នាក់ដឹកនាំយើង បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋអំពីជីវភាពផង និងសុខភាពផង។

ដូច្នេះហើយទើបក្រុមការងារ បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកដើម្បីមកជួយដោះបន្ទុកបងប្អូនប្រជាពលរដ្ឋឲ្យជាពីជំងឺ ឱ្យរួចផុតពីក្តីកង្វល់ និងចូលរួមជួយកាត់បន្ថយការចំណាយ របស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំកោះសូទិននេះ។

លោកអភិបាលខេត្ត បានរំលឹកថា ការជួបជុំគ្នាដោយទឹកមុខរីករាយនៅថ្ងៃនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ហើយសុខសន្តិភាពនេះគឺមានតម្លៃលើសអ្វីៗទាំងអស់ ជាពិសេសបានផ្ដល់ឱកាសឲ្យយើងបានជួយគ្នាលើបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ ដូចថ្ងៃនេះ៕