(សៀមរាប)៖ បេក្ខជនក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅមូលដ្ឋានស្រុកក្រឡាញ់ ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន៣២រូប បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានប្រកាសគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពួកគាត់មើលឃើញថា កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។ អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋាន ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។
ជាក់ស្តែងបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ស្រុកក្រឡាញ់ ចំនួន ២រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំរំចេកចំនួន ២រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំស្រណាល ចំនួន ៣រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ស្រុកអង្គរជុំ ចំនួន ៤រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំឃុនរាម ចំនួន ៦រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន គោកធ្លកក្រោម ចំនួន ១៤រូប និងអ្នកសង្កេតការណ៍គណបក្សឆន្ទៈខ្មែរ ឃុំគោកធ្លកក្រោម ចំនួន ១រូប សរុប៣២រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព នយោបាយបម្រើអស់ ជាច្រើនឆ្នាំមកហើយ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី របប ប្រល័យ ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្ត របស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខ សន្តិ ភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕