(ភ្នំពេញ)៖ ប្រជាពលរដ្ឋរួមដំណើរទៅមើលព្រំដែនលើកដំបូងបានលើកឡើងថា «ខ្ញុំអាយុ៦០ឆ្នាំជាងហើយ មិនដែលបានមកមើលព្រំដែនសោះ! នេះជាលើកទី១ ដែលខ្ញុំបានមកឃើញផ្ទាល់ព្រំដែន ពេលមកឃើញសប្បាយចិត្តណាស់ ព្រំដែនអត់ទៅណាផង ដីយើងនៅតែជាដីយើងចឹង សូមអរគុណសម្តេចដែលបានរៀបចំកម្មវិធីទស្សនកិច្ចព្រំដែននេះ »។
កន្លងមកពួកគាត់ធ្លាប់តែបានឮ តែមិនដែលបានស្គាល់ ឬមិនធ្លាប់បានឃើញ ហើយនាឱកាសនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានដឹកនាំដំណើរទៅទស្សនកិច្ចដោយផ្ទាល់ គឺពិតជាថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានដែលបានចំណាយថវិកា និងរៀបចំក្រុមការងារដឹកនាំពួកគាត់ជាក្រុមយុវជនទៅទស្សនកិច្ចផ្ទាល់នៅតំបន់ព្រំដែន ដើម្បីបានដឹងព័ត៌មាន និងឃើញនឹងភ្នែកផ្ទាល់ តើកិច្ចការបោះបង្គោលព្រំដែនប្រព្រឹត្តទៅយ៉ាងដូចម្ដេច
សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត ដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។
សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕