(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានរៀបចំបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបាន១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញ ឱ្យបាន៥លានហិកតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញឱ្យបាន១១លានហិកតា ឬ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។
ថ្នាលបណ្តុះកូនឈើទី១នេះ ស្ថិតក្នុងចម្ការកៅស៊ូពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយទទួលបានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលនឹងបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ឯកឧត្តមបានស្នើUNDP ជួយរៀបចំថ្នាលបណ្តុះកូនឈើនេះបន្តទៀត ដើម្បីរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឱ្យនច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម។
លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន១លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
លោកស្រីបញ្ជាក់ថា៖ «UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០»។
បើតាមកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានសម្តែងមោទកភាព ដែលបានចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។
កញ្ញាបានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយនេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅដំណាច់ឆ្នាំនេះ ខេត្តចំនួន ៤ផ្សេងទៀត គឺខេត្តកោះកុង កំពង់ស្ពឺ សៀមរាប និងមណ្ឌលគិរី នឹងបន្តអនុវត្តដូចគ្នាដែរ។ ការងារដែលកំពុងដំណើរការរួមមានការវាយតម្លៃជ្រើសរើសទីតាំងសមស្រប ដើម្បីបង្កើតស្ថានីយ៍បណ្តុះកូនឈើ ការរៀបចំផែនការមេ និងការរចនានៃស្ថានីយ៍ ដែលរួមបញ្ចូលនូវ គ្រប់លក្ខខណ្ឌ ចីរភាពការប្រើប្រាស់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងថាមពល៕