(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការ នៅឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុកំពង់ស្វាយ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ១២ ករណី ចាប់ពីថ្ងៃទី០៥-០៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង (ក្នុងរដូវបិទនេសាទ) រួមមាន៖
* របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុង ចំនួន៨៧របាំង ប្រវែង២១,៩៥០ម៉ែត្រ
* ឡុកចំនួន២១០គ្រឿង
* លប/លូចំនួន២៦៩ គ្រឿង (រក្សាទុកនៅស្នាក់ការ)
* បង្គោល ចំនួន១៨,០០០ដើម
* ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់១,៣៧០គីឡូក្រាមចូលទន្លេវិញ
* កាណូតអូសលៀស២គ្រឿង (រក្សាទុកបណ្តោះអាសន្ននៅស្នាក់ការ)
* កន្ត្រងអូសលៀស២គ្រឿង
* ចាក់លែងលៀស (លៀសចំណីសត្វ) ចូលទន្លេវិញចំនួន១,០៥០គីឡូក្រាម
* ការណូតដឹកត្រីនុយ ចំនួន២គ្រឿង (រក្សាទុកបណ្តោះអាសន្ននៅស្នាក់ការ)
* ត្រីនុយចំនួន៨០០គីឡូ។
ប្រតិបត្តិការបង្ក្រាបនេះ បានជួបបញ្ហាប្រឈមគឺប្រជានេសាទនៅភូមិពាមបាង និងភូមិដូនស្តើង ឃុំពាមបាង ចំនួន២០នាក់ បានសំណូមពរដល់ប្រធានក្រុមការងារសុំមេត្តាយោគយល់ និងសុំដាក់បន្តឧបករណ៍នេសាទល្មើសច្បាប់របាំងសាច់អួនក្រឡា ប៉ុន្តែប្រធានបានពន្យល់ណែនាំពួកគាត់ មិនឲ្យប្រើឧបករណ៍ខុសច្បាប់ ហើយពួកគាត់យល់ព្រម និងស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទល្មើសច្បាប់ លូចំនួន៤១មាត់ ឲ្យក្រុមការងាររក្សាទុកបណ្តោះអាសន្ននៅទីស្នាក់ការជលផលអន្លុងតាអោន រង់ចាំការសម្រេចពីថ្នាក់លើ៕