(ភ្នំពេញ)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើននាក់។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីកំណត់យន្តការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទនៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាលប្រើប្រាស់សមស្របទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។
សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថានៅពេលដែលអនុក្រឹត្យនេះចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕