(កំពង់ស្ពឺ)៖ មុខសញ្ញាឆក់យ៉ាងសកម្មម្នាក់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវចាប់ខ្លួនហើយ ក្រោយធ្វើសកម្មភាពជាថ្មីដោយឆក់ទូរស័ព្ទដៃពីអ្នកដំណើរ ហើយជិះរត់ចូលក្នុងក្បួនអាវុធហត្ថដែលកំពុងសម្រួលចរាចរណ៍ ក្នុងកម្មវិធីសម្ពោធសាលារៀនឯកជនមួយកន្លែង។ ការឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំនុចភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន សុភក្ត្រ័ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរឿងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខច្រកចូលផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្ថែមថា ជនសង្ស័យជាមុខសញ្ញាសកម្មក្នុងអំពើឆក់។ នៅព្រឹកកើតហេតុជនសង្ស័យ បានឆក់ រួចជិះគេចខ្លួន តែដោយមានការតាមដេញប្រម៉ាញ់ប្រផាប់ចាប់ប្រភីង ជនសង្ស័យអស់លក្ខ័ណ៍បានជិះម៉ូតូរត់ចូលទៅក្នុងក្បួនអាវុធហត្ថ ដែលកំពុងសម្រួលចរាចរអ្នកដំណើរហើយក៏ឡោមព័ទ្ធចាប់បានតែម្តង។
ក្រោយចាប់ខ្លួនសមត្ថកិច្ចជំនាញបានដករហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ទូរសព្ទដៃចំនួន២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីបន្តនីតិវិធី៕