(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា មុននឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំលើក២១ ក្រោមមូលបទ «រួមកម្លាំងគ្នា កាន់តែខ្លំាងជាងមុន ដើម្បីភាពធន់នឹងអាកាសធាតុ និងការស្ដារឡើងវិញ» ក៏មានកិច្ចប្រជុំកិច្ចប្រជុំពាក់ព័ន្ធចំនួន៣ផ្សេងទៀត គឺវេទិកាយុវជនលើកទី៣ ចាប់ពីថ្ងៃ២ ដល់ទី៤ ខែកញ្ញា ដែលសមាគមជាតិកាកបាទក្រហមកម្ពុជា មានយុវជន ២រូប ចូលរួម, កិច្ចប្រជុំបណ្តាញការងារសង្គ្រោះបឋម ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២ ដែលកាកបាទក្រហមកម្ពុជា មានមន្ត្រីជំនាញម្នាក់ចូលរួម និងកិច្ចសន្ទនាផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ ជាមួយអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកញ្ញា។
លោកស្រីបន្ថែមថា «កិច្ចសន្ទនាលើកទី១នេះ គឺជាអនុវត្ដន៍សារត្មីនៃសេចក្ដីថ្លែងការណ៍របស់រាជធានីភ្នំពេញ ដែលក្នុងឱកាសនោះសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ និងសមាគជាតិផ្សេងៗ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន មកធ្វើបឋកថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ»។
សម្រាប់សេចក្ដីថ្លែងការណ៍នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី គឺបានដោយផ្ដោតលើទៅលើការងារសំខាន់ៗដែលត្រូវអនុវត្ដន៍ក្នុងរយៈពេលមួយឆ្នាំទៅមុខទៀត។ ទន្ទឹមនឹងនោះក៏មានសេចក្ដីថ្លែងការណ៍អមចំនួន ២ ទី១) សេចក្ដីថ្លែងការណ៍ពីការងារយុវជន ទី២) ការងារសង្គ្រោះបឋម នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការបញ្ជាក់បន្ថែមរបស់លោកស្រី ម៉ែន នារីសោភ័គ។
លោកស្រីបន្ដថា «អ្វីដែលជាលទ្ធផលសម្រេចបានអំពីកិច្ចខាងលើនេះ ទី១) កាកបាទក្រហមកម្ពុជា បានបំពេញចប់សព្វគ្រប់ នូវតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះបន្ដវេន ជូនទៅកាកបាទក្រហមឥណ្ឌនេស៊ី ទី២៖ គឺអ្វីដែលនាំមកជោគជ័យនោះ គឺយើងសម្រេចបាននូវការចាប់ផ្ដើម នៃកិច្ចសន្ទនាឱ្យបានកាន់តែជាប់លាប់ជាមួយនឹងអាស៊ាន ដែលក្នុងនោះយើងមានការជជែកគ្នា ពីការផ្លាស់ប្ដូរយោបល់ជាច្រើន ទៅលើការពង្រឹងកិច្ចសហប្រតិបត្ដិការ និងការប្ដេជ្ញាចិត្ដទាំងអស់គ្នា ថាធ្វើយ៉ាងម៉េចឱ្យមានកិច្ចសហប្រតិបត្ដិការឱ្យកាន់តែខ្លាំង ជាមួយសមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍នេះ»។
ជាងនេះទៅទៀត ម៉ាឡេស៊ីនឹងបន្ដវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២២ និងវេទិការយុវជនលើកទី៤ ដោយឡែកហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ លើកិច្ចប្រជុំបណ្ដាញការងារសង្គ្រោះបឋមសមាគមជាតិអាស៊ីអាគ្នេយ៍លើកទី៣ និងសន្និសីទអន្ដរជាតិស្ដីពីស្ដ្រីលើកទី២ ចំណែកឯសិង្ហបុរី មានភារកិច្ចតាមដានវឌ្ឍនភាពបន្ដទំនាក់ទំនង ស្ដីអំពីការងាររវាងសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម សហព័ន្ធអន្ដរជាតិ ជាមួយនឹងអាស៊ាន។
លោកស្រីបានគូសបញ្ជាក់ទៀតថា «សម្រាប់ភារកិច្ចរបស់សមាគមជាតិនីមួយៗ នៅពេលត្រលប់មកវិញតាមប្រទេសរៀងៗខ្លួន គឺត្រូវរឹតបន្ដឹងនូវកិច្ចសហប្រតិបត្ដិការជាមួយរដ្ឋាភិបាល។ សម្រាប់កាកបាទក្រហមកម្ពុជា ជាមួយនឹងគណៈកម្មជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដើរឱ្យបានស្របគ្នា រវាងអ្វីដែលរាជរដ្ឋាភិបាល បានសម្រេចនៅក្នុងជួររដ្ឋាភិបាលនៅក្នុងអាស៊ាន ហើយយើងទាំងអស់គ្នាដែលជាជំនួយការឱ្យរាជរដ្ឋាភិបាល នៅក្នុងវិស័យមនុស្សធម៌ យើងនឹងបន្ស៊ីការងាររបស់យើងឱ្យបានស្របគ្នាផងដែរ»។
សូមបញ្ជាក់ថា គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ បានអញ្ជើញវិលត្រលប់ មកដល់ទឹកដីកម្ពុជាវិញ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយបំពេញបេសកកម្មយ៉ាងជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ហើយក្នុងគណៈប្រតិភូកាកបាទក្រហមកម្ពុជា បានចូលរួមពិភាក្សាខ្លឹមសារនៃរបៀបវារៈសំខាន់ ផ្តោតលើមូលបទចំនួន ៣គឺ៖
១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមប្រទេសអាស៊ាន
២៖ ការលើកកម្ពស់ការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងហានិភ័យកម្រិតខ្ពស់ នៃការប្រែប្រួលអាកាសធាតុ
៣៖ មតិចូលរួមរបស់ឯកអគ្គរាជទូត-រដ្ឋទូត ឬតំណាង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអាស៊ាន និង មតិចូលរួមពីគណៈប្រតិភូសមាគមជាតិ ព្រមទាំងពីអគ្គលេខាធិការដ្ឋានអាស៊ាន ពីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន (AHA) និងពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន៕