(កូរ៉េខាងត្បូង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ម្សិលមិញ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង​ «​វេទិកាចំណេះដឹងពិភពលោក» នៅសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះលោក Ban Ki-moon បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលរៀបចំឱ្យមានជំនួបនេះឡើង ក្នុងពេលដែលសម្ដេចអញ្ជើញមកចូលរួមក្នុង «វេទិកាចំណេះដឹងពិភពលោក»

លោកក៏បានអបអរសាទរសម្ដេចតេជោ ដែលបានក្លាយជាប្រធានព្រឹទ្ធសភា។

លោក Ban Ki-moon និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយលោក បាន គីមូន ក៏បានអរគុណ សម្តេចតេជោ និងកម្ពុជា ​ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលលោកនៅជាអគ្គលេខាធិការ។

លោកបានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េ មានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

លោក Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានា ក្នុងតំបន់អាស៊ាន។ ជាមួយគ្នានោះ លោក Ban Ki-moon បានសំដែងនូវការអបអរសាទរដល់សម្ដេចតេជោ ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍ដ៏កក់ក្តៅ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញមកទស្សនកិច្ច សាធារណរដ្ឋកូរ៉េនេះ។

សម្ដេចតេជោ បានជម្រាបជូនលោក Ban Ki-moon ថា ទោះបីជា សម្ដេចនៅមានសុខភាពល្អ ដែលធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែ​សម្ដេចបានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការ​ដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។

សម្ដេចតេជោបានរំលឹកថា អ្វីដែលជាស្នាដៃរបស់លោក Ban Ki-moon គឺការសម្រេចបាននូវអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និងបាន​​ចូលរួមចំណែកដល់ការ​រក្សា បាននូវសុខសន្តិភាពសម្រាប់កម្ពុជា និងការរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចបានរំលឹកថា លោក Ban Ki-moon គឺជាភ្ញៀវទី១ ដែលសម្ដេចបានទទួលក្រោយពីការសាងសង់វិមានសន្តិភាព នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោក Ban Ki-moon និងសាធារណរដ្ឋកូរ៉េ ដែលបានខិតខំជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយសម្ដេចសង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខ។

សម្ដេចបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសយើងទាំងពីរ បានពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

លោក Ban Ki-moon ជូនពរសម្តេចតេជោ មានសុខភាពល្អ​ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច៕