(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ែន រដ្ឋា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកសវនសការប្រកាសសាលក្រម សំណុំរឿងក្រុមចោរធ្លាប់ធ្វើសកម្មភាពធាក់រួចកាប់ប្លន់ម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួ ២៦ករណី។ ប៉ុន្ដែក្នុងសាលក្រុមដែលត្រូវលើយកមកប្រកាសនេះ មានតែចំនួន៥ករណីប៉ុណ្ណោះ ដោយសម្រេចដាក់ទោសក្រុមជនត្រូវចោទម្នាក់ៗជាប់ពន្ធនាគារ ៣ឆ្នាំ ក្នុងមួយបទល្មើស។

សូមជម្រាបថា ពាក់ព័ន្ធបទល្មើសដែលក្រុមចោរឆក់ ប្លន់ ដែលប្រព្រឹត្តកន្លងមកនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោសលើសំណុំរឿងករណីដែលឆក់ និងកាប់ស្ត្រីរងគ្រោះ ដោយដាក់ពន្ធនាគារម្នាក់២៣ឆ្នាំ។ បើគិតត្រឹម៦បទល្មើស ដែលតុលាការបានកាត់ទោស ក្រុមនេះត្រូវទទួលទោសក្នុងម្នាក់ៗចំនួន៣៨ឆ្នាំ។ ទោសក្នុងម្នាក់ៗ៣៨ឆ្នាំនេះ តុលាការទើបរកឃើញបទល្មើសចំនួន៦ករណីប៉ុណ្ណោះ ចំណែកករណីដែលនៅសល់កំពុងបន្តនីតិវិធី។

មុខសញ្ញាក្រុមចោរ ធ្លាក់ និងកាប់ប្លន់យកម៉ូតូជនរងគ្រោះយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន២៦ករណី ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ក្រុមជនសង្ស័យទាំង៦នាក់ ធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ប្លន់ក្នុងទឹកដី ខណ្ឌសែនសុខ ចំនួន៥ករណី, ខណ្ឌដង្កោ ចំនួន១១ករណី, ខណ្ឌកំបូល ចំនួន៣ករណី, ខណ្ឌព្រែកព្នៅ ចំនួន៣ករណី, ខណ្ឌមានជ័យ ចំនួន១ករណី និងខណ្ឌពោធិ៍សែនជ័យ ចំនួន៣ករណី៕