(ប៉េកាំង-ចិន)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ចៅ ភារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន ហ៊ូវៃ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ត្រូវបានទទួលស្វាគមន៍ដោយ លោក Xue Man អនុប្រធានក្រុមហ៊ុនហ៊ូវៃ និងលោក Tao Guangyao ប្រធានក្រុមហ៊ុនហ៊ូវៃ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុនហ៊ូវៃកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានស្តាប់បទបង្ហាញ និងរបាយការណ៍ពីតំណាងក្រុមហ៊ុនហ៊ូវៃ ស្តីពីការដំណើរការប្រតិបត្តិការ និងចក្ខុវិស័យរបស់ក្រុមហ៊ុនទៅអនាគត។
តំណាងក្រុមហ៊ុនហ៊ូវៃ ក៏បានលើកឡើងពីការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលកំពុងមានដំណើរការនៅក្នុងប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទីក្រុងវៃឆ្លាត (Smart City) ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យសេវារដ្ឋបាលសាធារណៈ ដឹកជញ្ជូន អប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងខ្សែសង្វាក់ផលិតកម្ម។
ក្នុងវិស័យយោធា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការទំនើបកម្មកងទ័ព ដូចជា ការធ្វើប្រតិបត្តិការ ការរៀបចំប្រពន្ធ័ព័ត៌មាន-ទំនាក់ទំនង ប្រព័ន្ធត្រួតពិនិត្យ និងបញ្ជា និងការអប់រំបណ្តុះបណ្តាលកងទ័ពដែលទាំងអស់នេះ ក្រុមហ៊ុនហូ៊វៃ កំពុងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងប្រទេសជាដៃគូ មួយចំនួននៅលើសកលលោក។
ក្រុមហ៊ុនហ៊ូវៃ គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ដែលបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ដែលកំពុងផ្តល់សេវា និងផលិតកម្ម លើហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ ក្រុមហ៊ុនលំដាប់ពិភពលោកនេះ មានបុគ្គលិកប្រហែល២០៧,០០០នាក់ ហើយមានប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង១៧០ ដោយបម្រើផលប្រយោជន៍ជូនប្រជាជនជាង៣ពាន់លាននាក់ នៅជុំវិញពិភពលោក៕