(ភ្នំពេញ)៖ ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ហើយបើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។
នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន ដែលមានកើនប្រមាណ៣៦,៧% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ ។
បន្ថែមលើគោលនយោបាយជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ រួមមាន៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ, សហគមន៍កសិកម្មទំនើបកំពង់ធំ សាលាវិស័យ និងសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង។
ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏នឹងជួយគាំទ្រផ្នែកទុននិងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែមព្រមទាំងផលចំណេញខ្ពស់៕