(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ខ្លួនបានចំនួន១,៥៧៣ នៅទូទាំង២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស.។
ការលើកឡើងបែបនេះ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា មូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស.ទាំងនេះ បានដាក់ពង្រាយមន្រ្តី និងបុគ្គលិកសុខាភិបាល សរុបចំនួនជាង ៤៦,០០០នាក់នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្ម ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស។
លោករដ្ឋលេខាធិការបានបន្ថែមថា ត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២,៤៧ លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋ ដែលជាសមាជិកបានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូបានជាង ៧,១លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤។
បន្ថែមពីនេះ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេស សម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនផងដែរ។ ការពង្រីកវិសាលភាពរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជាគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. ទៅកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស។ វឌ្ឍនភាពនៃកិច្ចការងារទាំងនេះបង្ហាញអំពីការជឿទុកចិត្តរបស់ពលរដ្ឋមកលើសេវាកម្ម ប.ស.ស. ជាពិសេសបង្ហាញពីការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលគិតគូរយកចិត្តទុកដាក់លើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ លោក កត្តា អ៊ន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ សូមធ្វើការចុះឈ្មោះជាសមាជិករបស់ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូរបស់ ប.ស.ស.។
សម្រាប់សាធារណជនមានចម្ងល់ ឬ ចង់សាកសួរព័ត៌មានអំពី បេឡាជាតិសន្តិសុខសង្គម «ប.ស.ស.» សូមទាក់ទងតាមរយៈបណ្តាញទូរសព្ទ Hotline ឥតគិតថ្លៃ ១២៨៦ និង១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕