(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបង មានភ័ពសំណាងដែលបានទទួលថវិកាហិរញ្ញទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ធ្វើលីលានចាក់សំរាមដែលមានទំហំជាង២០ហិកតា ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់។
លោកអភិបាលខេត្ត បានថ្លែងទៀតថា «យើងបានទទួលនេះទី១ គឺហៅថាទីលានចាក់សំរាម។ គម្រោងនេះគឺជាថវិកាហិរញ្ញប្បទាន ហើយអនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ចឹងទីលានចាក់សំរាមស្តង់ដារហ្នឹង លើផ្ទៃដីទំហំ២០,៨ ហិតា ដែលយើងបានសាងសង់រួចរាល់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់»។
លោក សុខ លូ បានគូសរំលេចថា អនាគតកន្លែងចាក់សំរាមនេះនឹងក្លាយជាកន្លែងចាក់សំរាមមួយស្តង់ដារ ហើយអាចប្រើប្រាស់ចាក់សំរាមតាមអ្វីគម្រោងបានគិតគូរ ដោយកន្លែងនេះគឺអាចចាក់សំរាមបាន២០ឆ្នាំ បន្ទាប់ពីចាក់សំរាម ហើយ ដោយសំរាមទាំងនេះនឹងត្រូវបានកប់នៅក្នុងដី ហើយក្លាយទៅជាកូនភ្នំមួយដែលមានពណ៌បៃតង មិនមែនសំរាមហ្នឹងឆ្អេះស្អុយស្អាបទៀតទេ។
លោកបន្តទៀតថា «យើងសាងសង់រួចហើយ យើងកំពុងតែប្រើប្រាស់ដែលហៅថាទីលានទី១ ទាំងអស់គឺយើងមានកន្លែងកប់គឺ៤កន្លែង ឥឡូវយើងប្រើទីលានទី១ ចាប់ផ្តើមប្រើហើយ សង្ឃឹមថាការប្រើប្រាស់នេះប្រកបដោយ ស្តង់ដារ និងបានរយៈពេលយូរអង្វែងក្លាយជាទីលានចាក់សំរាមមួយស្តង់ដារល្អ ថ្ងៃក្រោយក្លាយទៅជាកូនភ្នំសិប្បនិមិត្តមួយមានដើមឈើដុះ មានធម្មជាតិបៃតង»៕