(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យក្រុមការងារចល័តរបស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់។
ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ដោយសង្កេតឃើញថា ក្មួយៗសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ជាប់រវល់ការសិក្សា ទើបលោក បានចាត់ក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនក្មួយៗ សិស្សានុសិស្ស តាមសាលារៀនតែម្ដង ដែលមកដល់ពេលនេះក្រុមការងារចល័ត បានអនុវត្តយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្សបាន២១វិទ្យាល័យហើយ។ ចំពោះនៅវិទ្យាល័យដែលមិនទាន់បានធ្វើ ក្រុមការងារនឹងអនុវត្តទៅតាមផែនការបន្តទៀត។
អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងផែនការឆ្នាំ២០២៤ សមត្ថកិច្ចត្រូវខិតខំការធ្វើអត្តសញ្ញាណប័ណ្ណផ្ដល់ជូនប្រមាណ ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្ដល់ថ្មី១៧,៧៩១នាក់ និងផ្ដល់ទុតិយតាប្រមាណ១០ម៉ឺនសន្លឹក។ ដូច្នេះការ កសាងផែនការប្រចាំឆ្នាំ គឺផ្ដោតទៅលើអត្តសញ្ញាណប័ណ្ណសម្រាប់ ក្មួយៗដែលគ្រប់អាយុ១៥ឆ្នាំឡើងទៅ។ ចំពោះអ្នកដែលមានហើយ ប៉ុន្តែអត្តសញ្ញាណប័ណ្ណខូច ឬហួសសុពលភាព ក្រុមការងារនឹងធ្វើទុតិយតាជូន។
ជាមួយគ្នានោះ អភិបាលខេត្ត បានសំណូមពរលោកគ្រូ អ្នកគ្រូ និងនាយកសាលា សូមជួយសហការធ្វើយ៉ាងណាដើម្បីផ្ដល់លទ្ធភាព បង្កនូវលក្ខណៈងាយស្រួលដល់សមត្ថកិច្ចផង និងក្មួយៗសិក្សានុសិស្ស ដើម្បីក្មួយៗ សិស្សានុសិស្ស បានទទួលអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ចូលទៅប្រើប្រាស់ជាប្រយោជន៍ផ្លូវច្បាប់ និងសម្រួលដល់ការរស់នៅ និងការទំនាក់ទំនងផ្សេងៗ ដែលត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណនេះ៕