(ភ្នំពេញ)៖ លោក ហន សុផាន្នី អតីតបណ្តាញព្រះសង្ឃឯករាជ្យ បានសម្តែងការសោកស្តាយចំពោះកំហុសខុសឆ្គងរបស់ខ្លួនកាលពីអតីតកាល ព្រោះតែជឿតាមការអូសទាញរបស់សង្ឃ ប៊ុត ប៊ុនតិញ។
លោក ហន សុផានី ជាអតីតសង្ឃគង់នៅវត្តដំរីស ខេត្តបាត់ដំបង។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រោមបទចោទ «ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់» បន្ទាប់ពីបង្ហោះរូបភាពក្រាបបាញ់កាំភ្លើងជ័រ អមដោយខ្លឹមសារថា «ទុកបាញ់ជនក្បត់ជាតិ»។ ក្រោមបទចោទប្រកាន់នេះ តុលាការ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
លោក ហន សុផានី គឺជាបណ្តាញសង្ឃឯករាជ្យ ហើយក៏ជាជំនួយការផ្ទាល់របស់សង្ឃ ប៊ុត ប៊ុនតិញ ផងដែរ។ គ្រប់សកម្មភាព និងខ្លឹមសារ ព្រមទាំងវីដេអូមួយចំនួនរបស់ សង្ឃ ប៊ុត ប៊ុនតិញ លោក ហន សុផានី ជាអ្នកបង្ហោះដោយផ្ទាល់។ មិនតែប៉ុណ្ណោះ លោក ហន សុផានី ក៏ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបងផងដែរ។
លោក ហន សុផានី បានធ្វើសកម្មភាពជាច្រើនគាំទ្រដល់សកម្មភាពនយោបាយរបស់អតីតបក្សសង្គ្រោះជាតិ ក្នុងនោះលោកក៏បានជួយប្រមូលកម្លាំងសង្ឃពីខេត្តបាត់ដំបង ឡើងមកតវ៉ានៅទីលានប្រជាធិបតេយ្យក្នុងឆ្នាំ២០១៣ ផងដែរ។
បន្ថែមពីលើនោះ លោក ហន សុផានី ក៏បានដឹកនាំកម្លាំងសង្ឃពីបាត់ដំបង មកសួរសុខទុក្ខលោក កឹម សុខា ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ គ្រាមេដឹកនាំរូបនេះ ជាប់នៅទីស្នាក់ការរបស់ខ្លួនរយៈពេល៦ខែ នៅចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហន សុផានី ក៏ជាកម្លាំងស្នូលក្នុងការជួយទាំងថវិកា និងកម្លាំងសង្ឃ កម្លាំងយុវជន ដល់គណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបងយ៉ាងសកម្ម។ បុគ្គលនេះ មានបណ្តាញសង្ឃ និង យុវជននៅក្នុងដៃមួយចំនួន នៅខេត្តបាត់ដំបង សៀមរាប និងខេត្តក្រចេៈ។
ក្រោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ លោក ហន សុផានី បានសម្តែងការសោកស្តាយជាខ្លាំងចំពោះសកម្មភាពទាំងឡាយដែលបានធ្វើកាលពីអតីតកាល។ លោក ហន សុផានី បានហៅសកម្មភាពដែលខ្លួនបានធ្វើកាលពីអតីតកាលជាទង្វើខ្វះការពិចារណា និងព្រោះតែជឿតាមការអូសទាញរបស់សង្ឃ ប៊ុត ប៊ុនតិញ៕