(ភ្នំពេញ)៖ ត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងរហូតដល់១,៥៣៤ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៩៣នាក់, របួសចំនួន២,១១៦នាក់ ក្នុងនោះធ្ងន់១២៣៤នាក់។
របាយការណ៍ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានកត់សម្គាល់នូវគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះថា មូលហេតុករណីគ្រោះថ្នាក់បណ្តាលមកពីល្បឿន៤០ភាគរយ, មិនគោរពសិទ្ធអាទិភាព២៤ភាគរយ, មិនប្រកាន់ស្តាំ៩ភាគរយ, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ, កត្តាយាន្ត៤ភាគរយ, បើកបរក្នុងស្ថានភាពស្រវឹង៣, ភាគរយងងុយគេង១ភាគរយ, មិនគោរពសញ្ញាចរាចរណ៍១ភាគរយ, អាកាសធាតុ១ភាគរយ និងអ្នកថ្មើរជើង១ភាគរយ។
លោកបានបន្ដថា ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនមានចំនួន១១រាជធានី-ខេត្ត គឺខេត្តកណ្តាល, ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ, ត្បូងឃ្មុំ, កំពង់ឆ្នាំង, ប៉ៃលិន, ព្រះសីហនុ, បន្ទាយមានជ័យ, កែប និងខេត្តកំពង់ធំ។ ដោយឡែក លទ្ធផល នៃការរឹតបន្តឹងច្បាប់ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយាន្តយន្តសរុប៨៤,២៩២គ្រឿង និងពិន័យយាន្តយន្តសរុប៦៤,២៩៦គ្រឿង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគ.ស.ច.គ បានលើកឡើងថា អនុគណៈកម្មការទី២ មានតួនាទីភារកិច្ចត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយចំនួនគ្រោះថ្នាក់ហាក់មិនមានការថមថយ ដូច្នេះក្នុងនាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំយុវជន និងកីឡា, បេឡាជាតិរបបសន្តិសុខសង្គម ត្រូវរកវិធីសាស្ត្រដើម្បីឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ដែលក្នុងនោះរួមទាំងចំនួនអ្នកស្លាប់ និងរបួសផងដែរ។
នាយឧត្តមសេនីយ៍ ស ថេត ក៏ថ្លែងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចុះ ក៏ដូចជាធ្វើការផ្សព្វផ្សាយអបរំយ៉ាងសកម្ម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅដល់មូលដ្ឋានសហគម ពិសេសដល់អ្នកបររថយន្តដឹកកម្មរ និងសូមស្នើសុំឲ្យបន្តសកម្មភាពនេះបន្តទៀត ដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាថ្មី ដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា ប្រើប្រាស់ពាក្យឲ្យសមរម្យជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់៕