(បន្ទាយមានជ័យ)៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ិន ចន្ថា បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជនបទជាប្រចាំ ក្រាលល្បាយក្រួស ១១ខ្សែ ប្រវែង១១៧,៧០០ម៉ែត្រ ក្នុងស្រុកចំនួន៥ មានស្រុ ព្រះនេត្រព្រះ, អូរជ្រៅ, ភ្នំស្រុក, ថ្មពួក និងស្រុកស្វាយចេកការចុះត្រួតពិនិត្យនេះ ដោយមានការចូលរួមអមដំណើរដោយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ិន ចន្ថា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់លើ សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ទន្ទឹមជាមួយគ្នានោះ លោកបានកោតសរសើរ និងវាយតម្លៃចំពោះលោក-លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការសាមគ្គីភាពគ្នា ក្នុងការអនុវត្តការងាររយៈពេលកន្លងមក។ ជាពិសេសត្រូវបន្តចុះអនុវត្តត្រួតពិនិត្រ និងថែទាំផ្លូវប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ និងបានធ្វើការសំណូមពរ សូមឲ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវទាំងនេះ ឲ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះ អាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន៕