(ភ្នំពេញ)៖ Manusastra មានន័យថា មនុស្សសាស្ត្រជាភាសាខ្មែរ គឺជាគំរោងសហប្រតិបត្តិការមួយបង្កើតឡើងរវាងស្ថាប័នឧត្តមសិក្សា និងស្រាវជ្រាវនៃប្រទេសបារាំង កម្ពុជា និងឡាវ។ គំរោងនេះមានគោបំណងបណ្តុះបណ្តាលនិស្សិតឆ្នើមដែលចេះភាសាបារាំង លើជំនាញគ្រប់គ្រង និងអភិរក្សបិតិកភ័ណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់។
គំរោងនេះបង្កើតឡើងក្នុងបរិបទបណ្តុះបណ្តាលវិទ្យាសាស្ត្រមនុស្សនៅប្រទេសឡាវ និងកម្ពុជា ដែលចាប់ផ្តើមដំបូងនៅកំរិតបរិញ្ញាប័ត្រ។ កាលនោះមាននិស្សិតតិចតួចប៉ុណ្ណោះដែលចេះបារាំងជ្រៅជ្រះ ក្នុងខណៈដែល ភាសាបារាំងនេះ មានសារៈសំខាន់ចាំបាច់ត្បិតអីឯកសារស្រាវជ្រាវភាគច្រើននៃប្រទេសទាំងពីរត្រូវបានចងក្រងឡើងជាភាសាបារាំង។
គំរោងមនុស្សសាស្ត្រនេះបង្កើតឡើងក្នុងគោលបំណងបឋម គឺរួមវិភាគទានក្នុងការអភិវឌ្ឍន៍ការអប់រំនៅសាកលវិទ្យាល័យលើផ្នែកវិទ្សាសាស្ត្រមនុស្សនៅប្រទេសកម្ពុជា និងឡាវ ដោយពង្រឹងលើការស្រាវជ្រាវក្នុងវិស័យបុរាណវិទ្យា ប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ នរកវិទ្យា ប្រវត្តិអក្សរចារិក និងភាសាវិទ្យានៅតាមតំបន់។
ជំហានទី១ នៃគំរោងមនុស្សសាស្ត្រនេះ បានចាប់ផ្តើមនៅឆ្នាំ២០១២។ កាលនោះ និស្សិតដែលបានចុះឈ្មោះរៀននៅកំរិតបរិញ្ញាប័ត្រផ្នែកបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងសាកលវិទ្យាល័យជាតិនៃប្រទេសឡាវតម្រូវអោយ សិក្សាជាលក្ខណៈពន្លឿនក្នុងរយៈពេល៣ខែជាភាសាបារាំងដែលមានឈ្មោះថាសាកលវិទ្យាល័យមូសុង «Université des Moussons »។
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ កិច្ចព្រមព្រៀងមួយបានបង្កើតឡើងសំរាប់ជំហានទី២នៃគំរោងមនុស្សសាស្ត្រត្រូវបានចុះហត្ថលេខាដោយគ្រប់ភាគីពាក់ព័ន្ធ បង្កើតការបណ្តុះបណ្តាលកំរិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកភាសា អក្សរសាស្ត្រនិងអរិយធម៌បរទេសនិងក្នុងតំបន់ (LLCER)។ ថ្នាក់ម៉ាស្ទ័រកំរិតអន្តរជាតិនេះ ធ្វើឡើងនៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅទីក្រុងភ្នំពេញ ដែលទទួលសញ្ញាប័ត្រផ្តល់ដោយវិទ្យាស្ថានជាតិបារាំង INALCO និងមានការទទួលស្គាល់ដោយសហភាពអ៊ឺរ៉ុបទាំងមូល។
ចំណែកឯផ្នែកស្រាវជ្រាវ គំរោងអភិបាលកិច្ចនិងការស្រាវជ្រាវវិទ្យាសាស្ត្រមនុស្សនៅកម្ពុជា ផ្តោតលើការបង្កើតឡើងនូវរចនាសម្ព័ន្ធនៃគោលនយោបាយស្រាវជ្រាវនិងនវានុវត្តក្នុងវិស័យវិទ្យាសាស្ត្រមនុស្ស ដោយបន្តប្រឹងប្រែងក្នុងគំរោងមនុស្សសាស្ត្រ ដើម្បីពង្រឹងវប្បធម៌ស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៃកម្ពុជា។
ការបង្កើតថ្នាក់ម៉ាស្ទ័រអាស៊ីប៉ាស៊ីហ្វិកនេះមានគោលបំណងរួមចំណែកក្នុងការបណ្តុះបណ្តាលអ្នកជំនាញឯកទេសនិយាយភាសាបារាំង ក្នុងកំរិតខ្ពស់ផ្នែកវិទ្យាសាស្ត្រមនុស្ស ដែលជាវិស័យមួយដែលខ្វះធនធានក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអប់រំនៅកម្ពុជានិងឡាវ។ ឈរលើគោលដៅនេះគំរោងមនុស្សសាស្ត្រប្រមែមូលធនធានដែលមានសមត្ថភាពពីខាងក្រៅ មានដូចជាជនជាតិបារាំងនិងធនធានក្នុងតំបន់ ដែលមានសារៈសំខាន់ចាំបាច់ក្នុងការបង្កើតប៉ូលបណ្តុះបណ្តាលនិងស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រមនុស្សនៅកម្ពុជា។
ការពង្រីកភាពជាដៃគូរ៖ ភាពជាដៃគូរសហការណ៏រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យជាតិនៃប្រទេសឡាវ និងស្ថាប័នបារាំងជាច្រើនរួមមានវិទ្យាស្ថានជាតិ នៃភាសា និងអរិយធម៌បូព៌ា (INALCO) របស់បារាំង និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ (IRD) បានរីកចំរើនជាបន្តបន្ទាប់នៅក្នុងអំឡុង១២ឆ្នាំនៃវត្តមានក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបញ្ចូលតួអង្គ បណ្តុះបណ្តាលផ្សេងៗរួមជាមួយ វប្បធម៌នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដៃគូរសហការណ៍បច្ចុប្បន្នក្នុងគំរោងរួមមានគ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវនៅកម្ពុជានិងនៅប្រទេសបារាំង ក្នុងចំណោមនោះមាន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ មជ្ឈមណ្ឌលសិក្សាស្តីអំពីអាស៊ីអគ្នេយ៍ (CASE) មជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) និងសាលាបារាំងចុងបូព៌ា (EFEO)។ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា គឺជាដៃគូរយ៉ាងសំខាន់នៅក្នុងគម្រោងនេះ។
រហូតដល់ពេលបច្ចុប្បន្ន គំរោងបមនុស្សសាស្ត្របានបណ្តុះបណ្តាលនិស្សិត១៣ជំនាន់មកហើយ សរុបជានិស្សិតចំនួន ២៦៨នាក់ ក្នុងនោះមាននិស្សិតជនជាតិឡាវចំនួន១៨នាក់។ ក្នុងចំណោមនិស្សិត២៦៨នាក់ មាននិស្សិត ២១៥នាក់ ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រ និង ៥៣នាក់ទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ (ក្នុងនោះឡាវ ៥នាក់ អេស្ប៉ាញម្នាក់ និងថៃម្នាក់)។ អ្នកជំនាញចេះភាសាបារាំងជំនាន់ថ្មី ផ្នែកគ្រប់គ្រង និងអភិរក្សមរតកបញ្ញា បេតិកភ័ណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រ គំរោងមនុស្សសាស្ត្រមិនគ្រាន់តែអាចពង្រឹងសមត្ថភាពភាសារបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់ផ្នែកស្រាវជ្រាវក្នុងវិស័យចំរុះរួមមាននរវិទ្យា ប្រវត្តិសាស្ត្រ និងភាសាវិទ្យា។
លោកស្រី នង ម៉ានី និស្សិតជំនាន់ទី១(ឆ្នាំ២០១២) បច្ចុប្បន្នកំពុងកសាងគំរោងស្រាវជ្រាវថ្នាក់បណ្ឌិតផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (URBA-INALCO) បានឱ្យដឹងអំពីប្រធានបទនៃការងារស្រាវជ្រាវបច្ចុប្បន្នទាក់ទងនឹងការបញ្ចេញសូរ។ លោកស្រីចំណាយពេលវេលាជាពិសេសលើបញ្ហាបញ្ចេញសម្លេងនិងអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ដែលជាការសិក្សាស៊ីជំរៅរបស់លោកស្រីនៅវិទ្យាស្ថាន INALCO ។
លោក ងៅ មេសា ផ្តោតលើការសិក្សាផ្នែកនរកវិទ្យានិងបុរាណវិទ្យា និងជំនាញក្នុងការវិភាគឧបករណ៏ប្រើប្រាស់បុរាណធ្វើអំពីសំរិទ្ធ ដែលមានអាយុកាលជាង ៥០០០ឆ្នាំ នៅក្នុងសម័យបុរេប្រវត្តិ នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គំរោងមនុស្សសាស្ត្រនេះបានផ្តល់នូវចំណេះដឹងទូលំទូលាយ និងអាចឱ្យលោកទទួលបាននូវសមត្ថភាពយ៉ាងសំខាន់ក្នុងការវិភាគឯកសារស្រាវជ្រាវដ៏ស៊ីជំរៅ។
លោកស្រី កែវ ប៉ូលីន អតីតនិស្សិតនៅសាកលវិទ្យាល័យមូសុងនិងជានិស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនរកវិទ្យាធ្លាប់បង្រៀនភាសាបារាំងនៅអង្គការភាពញញឹមនៃកុមារ។ ចំណូលចិត្តលើប្រវត្តិសាស្ត្រ និងការស្រាវជ្រាវបាននាំអោយលោកស្រីបន្តការសិក្សានៅក្នុងគំរោងមនុស្សសាស្ត្រដែលផ្តល់ឳកាសដល់និស្សិតក្នុងស្រុកនិងនិស្សិតអន្តរជាតិទទួលបានចំណេះដឹងស៊ីជំរៅលើមុខវិជ្ជានេះ។ ការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការស្រាវជ្រាវផ្នែកភាសាវិទ្យា នរកវិទ្យា និងប្រវត្តិសាស្ត្រ បានឱ្យលោកស្រីចាប់អារម្មណ៏ថា នៅមានកង្វះខាតនៃអ្នកស្រាវជ្រាវជំនាញ ដូចជាលើការសិក្សាប្រវត្តិសាស្ត្រនិងសង្គមនៃកម្ពុជា។
តាមការអះអាងរបស់លោក នន់ ដារ៉ា សហប្រធានគំរោងមនុស្សសាស្ត្របានឱ្យដឹងថា អ្នកទទួលផលដ៏សំខាន់នៃកម្មវិធីនេះ គឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទួលធនធានជាច្រើនដែលទទួលការបណ្តុះបណ្តាលក្នុងគំរោងមនុស្សសាស្ត្រ។ លោកបានឱ្យដឹងថា និស្សិតដែលបញ្ចប់ការសិក្សាមួយចំនួនបានក្លាយជាសាស្ត្រាចារ្យ ឬជាបុគ្គលិកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់ការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។
បច្ចុប្បន្ន និស្សិត៩រូប កំពុងរៀបចំការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក្នុងនោះនិស្សិត៥រូប នឹងបញ្ចប់ការសិក្សានៅ INALCO នៅសាកលវិទ្យាល័យ Nanterre នៅទូលូនិងនៅប្រទេសបែលហ្សិក នៅឆ្នាំក្រោយ។
គំរោងមនុស្សសាស្ត្រមិនបញ្ចប់ត្រឹមនេះទេសំរាប់ការបណ្តុះបណ្តាលនិងស្រាវជ្រាវ ប៉ុន្តែក៏នឹងឆ្លើយតបនឹងតម្រូវការធនធានមនុស្សតាមស្ថាប័នវប្បធម៌នានានិងរដ្ឋាភិបាលផងដែរ។ និស្សិតដែលបញ្ចប់ការសិក្សាក្នុងគំរោងនេះ បំរើការនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាននិងតាមបណ្តាអង្គការនានាដូចជាអង្កការយូណេស្កូ UNESCO មជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា ជំនាញរបស់ពួកគេត្រូវបានទទួលស្គាល់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វប្បធម៌តាមប្រទេសដែលពាក់ព័ន្ធ។
សូមរំលឹកថា គំរោងមនុស្សសាសន៍នេះ បានចាប់ផ្តើមឡើងជាមួយសាស្ត្រាចារ្យបរទេសទាំងស្រុង រហូតបានប្រែក្លាយបន្តិចម្តងៗដោយប្រើប្រាស់ធនធាន ដែលទទួលការបណ្តុះបណ្តាលក្នុងគំរោងជំនួសអ្នកជំនាញបរទេស ដែលបង្ហាញអោយឃើញនូវសក្ខីភាពនៃភាពជោគជ័យរបស់គំរោងមនុស្សសាស្ត្រក្នុងការពង្រឹងសមត្ថភាពក្នុងស្រុក។
គំរោងនេះរំលេចឡើងនូវការប្រមូលផ្តុំនៃឆន្ទៈរបស់ដៃគូរទាំងឡាយ ក្នុងនោះមានទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលសហគមន៍អ្នកស្រាវ ជ្រាវថ្មីមួយលើវិស័យវិទ្យាសាស្ត្រមនុស្ស ទទួលបាននូវឧបករណ៏វិធីសាស្ត្រដ៏មានសារៈសំខាន់ដើម្បីដឹកនាំគំរោងនានាក្នុងការស្រាវជ្រាវកំរិតអន្តរជាតិ រួមសហការណ៏ជាមួយដៃគូរនិយាយភាសាបារាំងដទៃទៀតរបស់ខ្លួន៕
Logo du projet Manusastra