(ព្រះវិហារ)៖ លោក មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងណែនាំអាជ្ញាធរមូលដ្ឋានក្រុងស្រុក និងអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក នៃខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ពន្លឿន ការចុះបញ្ជីយានយន្តឱ្យបានលឿនឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ការថ្លែងណែនាំរបស់លោក មាស ម៉ូនីកា ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារបើកកិច្ចប្រជុំស្តីពីការចុះពិនិត្យវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក នៅអង្គភាពច្រក និងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះវិហារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការលោក អ៊ាសុខា នាយករងរដ្ឋបាលសាលាខេត្តព្រះវិហារ លោក ហោ គឹមឡុង អនុប្រធានមន្ទីរ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកអភិបាលរង ក្រុង ស្រុក ទាំង៨ លោកប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក មាស ម៉ូនីកា បានសំដែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកស្រី ជាអភិបាលរង ក្រុង ស្រុក ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ត្រី ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក នៅអង្គភាពច្រក និងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះវិហារ និងណែនាំដល់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវលើកពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការច្រក ពិសេសការលើការចុះបញ្ជីយានយន្ត បានដំណើរការដោយរលូន និងឆាប់រហ័ស។

ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងពីបញ្ហាប្រឈម ដោយផ្តោតលើប្រព័ន្ធព័ត៍មានវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្ម មិនទាន់បានបញ្ចូលគ្នាធ្វើឱ្យការចុះបញ្ជីសេវាត្រូវប្រើប្រាស់ពេល២ដង ក្នុងសេវាតែមួយ។ សេវាចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ជួសជុល កែឆ្នៃដំឡើងរថយន្ត រឺម៉ក សឺមីរ៉ឺម៉ក និងសេវាផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មសាខាបង្រៀនបើកបរយានយន្ត មិនទាន់អាចចុះបញ្ជី និងទាញយកពីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មបាននៅឡើយ និងសេវាអនុញ្ញាតិឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងរាជធានី ខេត្ត មិនដំណើរការដោយសារអតិថិជនគាត់សុំសេវានៅមន្ទីរ ហើយគាត់អាចធ្វើចរាចរណ៍ដឹកជញ្ជូនបានក្នុងខេត្តផង និងក្រៅខេត្តផង។

ជាមួយគ្នានេះលោកក៏លើកឡើងពីសំណូមពរ សុំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ជួយរៀបចំសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្ម និងប្រព័ន្ធព័ត៍មានវិទ្យាបញ្ចូលគ្នាតែមួយ។ សុំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចូលសេវាចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ជួសជុល កែច្នៃដំឡើងរថយន្ត រុឺម៉ក សឺមីរ៉ឺម៉ក និងសេវាការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មសាខាសាលាបង្រៀនបើកបរយានយន្ត មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម សុំផ្ទេរសេវាអាជីវកម្មយានដ្ឋាន ជួសជុល កែច្នៃដំឡើងរថយន្ត រុឺម៉ក សឺមីរ៉ឺម៉ក ទៅឱ្យរដ្ឋបាលក្រុង ស្រុក វិញ។

បន្ទាប់ពីបានស្តាប់ការលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ដែលលើកឡើងដោយប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក រួចមក លោក មាស ម៉ូនីកា បានថ្លែងណែនាំដល់អង្គភាពច្រកចេញចូលតែមួយទាំងអស់ ក្នុងខេត្តព្រះវិហារ រួមគ្នាដោះស្រាយបញ្ហាប្រឈមដើម្បីពន្លឿនការចុះបញ្ជីយានយន្តឱ្យដំណើរការបានលឿនឆាប់រហ័ស ប្រសិនបើសិនមានបញ្ហាបច្ចេកទេសលើការចុះបញ្ជីយានយន្ត អាចស្នើរសុំទៅមន្ទីរសាធារណការខេត្តដើម្បីឱ្យ មន្ត្រីជំនាញចុះបង្រៀនដោយផ្ទាល់ ដោយឡែកចំពោះសំណូមពរផ្សេងៗលោកនឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំក្រសួងដើម្បីដោះស្រាយ៕