(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ ប្រជាជនវៀតណាមជាច្រើននាក់ ដែលបង្កឡើងដោយសារគ្រោះមហន្តរាយដ៏កំណាចនៃព្យុះទីហ្វុង Yagi ។
ក្នុងសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរន្ធត់យ៉ាងក្រៃលែង ដោយទទួលបានដំណឹងពីគ្រោះមហន្តរាយដ៏កំណាចនៃព្យុះទីហ្វុង Yagi ដែលបានបង្កនូវវិនាសកម្ម និងការបាត់បង់ដ៏ធំធេង ដោយបានឆក់យកជីវិតមនុស្សរាប់រយនាក់ និង ប្រជាជនជាច្រើនត្រូវបានផ្លាស់ទីលំនៅ ជាមួយគ្នានេះយើងខ្ញុំសូមសម្តែងនូវសេចក្តីព្រួយបារម្ភជាខ្លាំង ចំពោះ ជនរងគ្រោះទាំងអស់»។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយឯកឧត្តមប្រធាន តាមរយៈឯកឧត្តម ខ្ញុំសូមផ្ញើជូនក្រុមគ្រួសារ នៃជនរងគ្រោះ ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។
ជាថ្មីម្ដងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ថែមថា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងភាពជាបងប្អូនជាមួយប្រជាជនវៀតណាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមជឿជាក់ថា ដំណើរការស្តារ និងកសាងឡើងវិញ ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស និងជោគជ័យ នាពេលខាងមុខ។ សម្តេចមហារដ្ឋសភាធិការធិបតី សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតបានទៅកាន់សុគតិភព និងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយ៕