(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អា​មេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ លោកអ្នកឧកញ៉ា ​លី យ៉ុងផាត់ ​និង​អាជីវកម្ម​របស់​លោក ដោយ​ចោទប្រកាន់ថា ជាប់​ពាក់​ព័ន្ធ​​ការជួញ​ដូរ​មនុស្ស​ ការបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ខុសច្បាប់​ និង​ការ​បោក​ប្រាស់​តាម​អនឡាញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញ​វត្ថុសហរដ្ឋអាមេរិក បានអះអាង​ថា​អាជីវកម្ម​ដែល​រងទណ្ឌកម្ម​នោះ ​មាន​​ក្រុមហ៊ុន​លី យ៉ុងផាត់​ គ្រុប (L.Y.P. Group Co., LTD (L.Y.P. Group) រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), សណ្ឋាគារ​ហ្កាដឹនស៉ីធី (Garden City Hotel) ​និង​សណ្ឋាគារ​ភ្នំពេញ ​(Phnom Penh Hotel)។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកវិធានការរបស់ក្រសួងរតនគារអាមេរិក ធ្វើឡើងដោយផ្អែក​លើ​របាយការណ៍ ដែលមិនមានមូលដ្ឋានច្បាស់លាស់។ ក្រសួងការបរទេសកម្ពុជា បានហៅវិធានការ​នេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការ​ជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយលោក ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា តួនាទីរបស់លោក លី យ៉ុង​ផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា អស់រយៈពេលជាច្រើន​ទសវត្សរ៍កន្លងមក ត្រូវបាន​ទទួល​ស្គាល់​យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group បានចូលរួមចំណែក​ក្នុង​​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ បានផ្តល់ផលជា​វិជ្ជមាន ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន​ពាន់នាក់។

សេចក្តីថ្លែងការណ៍បន្ថែមថា ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទៅលើរបាយការណ៍​ការជួញដូរមនុស្សយកធ្វើ​ជាមូលដ្ឋាន​នៃសកម្មភាពទាំងនោះ ពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យ​មានការយល់ខុស។ របាយការណ៍នេះ មិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹត​អំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិត​ខំ​ប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។

កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយ​សហ​ការ​ជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ វិធានការ បុរេសកម្មរបស់រាជ​រដ្ឋាភិ​បាល កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈស្មុគស្មាញ បានបង្ហាញពីការប្តេជ្ញាចិត្តដាច់ខាត ក្នុងការលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្សជាតិ និង​គោល​ការណ៍នីតិរដ្ឋ។ ការអះអាងថា កម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការ​អនុវត្ត​ច្បាប់ ជាការយល់ខុសយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ក្នុង​ការដោះស្រាយការប្រឈម ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ។

កម្ពុជានៅតែបើកចំហដល់កិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃ​គូ​អន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការដោះស្រាយការប្រឈមជាសកលនេះ។ ទោះ​ជាយ៉ាងណា យើងទទូចថា កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវឈរលើមូលដ្ឋាននៃកិច្ចសន្ទនា ការផ្តល់​ផលប្រយោជន៍ទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងស្មារតីភាពជាដៃគូពិតប្រាកដ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះ ជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសគោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕