(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសម្ពោធទីតាំងថ្មីសម្រាប់ផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ នៅសាខាផ្សារទំនើបអ៉ីអន២ (អ៉ីអនសែនសុខ)។ ទីតាំងថ្មីនេះ ស្ថិតនៅជាន់ទី៣។
ការបើកសម្ពោធទីតាំងនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ នៅក្នុងពិធិសម្ពោធនេះ ក៏មានការអញ្ជើញចូលរួម ផ្តល់កិត្តិយសពីលោកស្រី កែ សួនសុភី សសុខា ភរិយាលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផងដែរ។
លោកឧត្តមសេនីយ៍ទោ ព្រំ ទិដ្ឋា ប្រធានសាខាស្នាក់ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានឲ្យដឹងថា ទីតាំងស្នាក់ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសាខាផ្សារទំនើបអ៉ីអន២នេះ មានផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ ចំនួន៣ប្រភេទរួមមាន៖ ការផ្ដល់អត្តសញ្ញាណប័ណ្ណថ្មី សម្រាប់ពលរដ្ឋដែលទើបគ្រប់អាយុ, ការដាក់ពាក្យបណ្ដឹងបាត់អត្តសញ្ញាណប័ណ្ណ និងការស្នើសុំកែតម្រូវ។
លោកឧត្តមសេនីយ៍ទោ ព្រំ ទិដ្ឋា បានអះអាងថា ទីតាំងនេះមានការបើកផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ពោលចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃច័ន្ទ-អង្គារ៍ និងបុណ្យជាតិ)។ ដោយឡែក ការបើកផ្ដល់ប័ណ្ណដែលបានធ្វើរួច គឺអនុវត្តរយៈពេល៧ថ្ងៃ ក្នុងមួយសប្ដាហ៍តែម្ដង។
ប្រធានសាខារូបនេះ បានបន្ថែមទៀតថា ជាទូទៅសម្រាប់សាខាផ្សារទំនើបអ៉ីអនសែនសុខនេះ គឺមានប្រជាពលរដ្ឋចន្លោះពីជាង២០០នាក់ ទៅ៣០០នាក់ក្នុងមួយថ្ងៃ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំនួន ១,១៧៤,៣៤០សន្លឹក។
បូកយោងគិតដល់បច្ចុប្បន្ន ការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីចំនួន១៤,៤៥១,២៨៤សន្លឹក និងប្រគល់ជូនរាជធានី ខេត្ត បានចំនួន១៤,៤៣២,១៨៨សន្លឹក ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា អស់សុពលភាពបានចំនួន៧៧៥,០៣១នាក់ (បូកយោងគិតមកដល់បច្ចុប្បន្នចំនួន ១,៧៩៤,៧២៣នាក់) នៅសល់ ១,៧៩៦,៩៦២នាក់ ទិន្នន័យស្ងួនខៅដៃ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ចំនួន៤៧៣,០៦៩ ដោះស្រាយរួចចំនួន ៤៦៩,០៣៣ នៅសល់៤,០៣៦ទិន្នន័យ៕